ក្រុមហ៊ុនយក្សចិនផ្តើមចាប់អារម្មណ៍វិនិយោគនៅខេត្តឥសាន្តប្រទេស

0

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនយក្សចិនបាន និងកំពុងផ្តើមចាប់អារម្មណ៍ទៅលើការវិនិយោគផ្សេងៗនៅក្នុងខេត្តរតនគិរី ជាខេត្តប៉ែកឥសាន្តប្រទេស ខណៈភូមិភាគនេះត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកជាខប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយលោកថង សាវុនអភិបាលខេត្តរតនគិរី លោកWang Jun ប្រធានក្រុមហ៊ុន China Dalian Intenatoinal Economic &Technical cooperation Group Co,Ltd កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះបានឲ្យដឹងថា ការមកបំពេញទស្សនកិច្ចនៅក្នុងខេត្តរតនគិរីនាពេលនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តរតនគិរី ជាខេត្តមានសក្តានុពលច្រើន លើវិស័យឧស្សា​ហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងអចលនទ្រព្យជាដើម។

លោក Wang Jun បានបញ្ជាក់ថា “ក្រុមហ៊ុនCDIG គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិនដែលមានបទពិសោធន៍លើការងារហិរញ្ញវត្ថុ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ អគារ ព្រលានយន្តហោះ ផ្សារទំនើបជាដើម”។

លោកថង សាវុន អភិបាលខេត្តរតនគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ។លោកបន្តថា ខេត្តរតនគិរី ជាគោលដៅប៉ូលសេដ្ឋកិច្ចទី៤ ដែលរដ្ឋាភិបាលបានកំណត់ជាយុទ្ធសាស្ត្រ ដូចនេះខេត្តត្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើននេះដូចជា ផ្នែកគមនាគមន៍ផ្លូវអាកាស ទឹកស្អាត ថាម​ពលវារីអគ្គិសនី វិស័យទេសចរណ៍ កសិ.ឧស្សាហកម្ម និងការកែច្នៃផលិតផលសម្រេចក្នុងស្រុកដើម្បីនាំចេញជាដើម។

លោកថា “ដូចនេះជាឱកាសក្នុងការវិនិយោគនៅខេត្តរតនគិរី របស់ក្រុមហ៊ុនចិន ដែលកន្លងមក មានការជំរុញលើកទឹកចិត្តវិនិយោគទុន រវាងរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here