ដោយ វល័ក្ខ
ពិភពលោក៖ ស្របពេលបណ្តាប្រទេសនានានៅលើពិភពលោក កំពុងប្រជែងគ្នាសាងសង់អាគារខ្ពស់ៗបង្អួតគ្នា ក្រោមស្នាដៃរបស់វិស្វករល្បីៗ ជាមួយនឹងទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ឋាប់ សម្រាប់ចំណាយទៅលើការសាងសង់ ដើម្បីបង្កើនកិត្យានុភាពរបស់ខ្លួន។
ភ្ជាប់មកជាមួយគ្នានេះ គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច propertyarea.asia លើកយកអគារចំនួន៥ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅក្នុងពិភពលោកនាពេលចប្ចុប្បន្ន។
៥) Lotte World Tower

ជាអគារមួយមានកម្ពស់៥៥៥ម៉ែត្រ បង្ហាញខ្លួនយ៉ាងត្រដែតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០១១ និងបញ្ចប់នៅចុងឆ្នាំ ២០១៦ ព្រមទាំងដាក់ឱ្យដំណើរការនៅដើមខែមេសា ឆ្នាំ២០១៧ ដោយចំណាយលុយ ៣.៤ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នវាគឺជាអគារខ្ពស់ជាងគេនៅប្រទេសកូរ៉េខាងត្បូង។
៤) Ping An Finance Centre

អាគារនេះបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១០ និងបញ្ចប់នៅឆ្នាំ២០១៧ កម្ពស់៥៩៩ម៉ែត្រ ជាមួយនឹងទឹកប្រាក់ ១.៥ពាន់លានដុល្លារអាមេរិក ដែលជាការចំណាយទាំងស្រុងពីក្រុមហ៊ុនការធានារ៉ាប់រងជីវិត Ping An។ អគារនេះស្ថិតនៅក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលបច្ចុប្បន្នវាគឺជាអគារខ្ពស់ជាងគេលំដាប់ទី២នៅក្នុងប្រទេសចិន។
៣) Makkah Royal Clock Tower

ជាអគារមួយដែលបានចំណាយលុយ ក្នុងការសាងសង់ច្រើនជាងបំផុតក្នុងចំណោមអគារខ្ពស់បំផុតនៅក្នុងពិភពលោក រហូតដល់១៥ពាន់លានដុល្លារអាមេរិក។ គម្រោងនៃការសាងសង់អគារនេះ ត្រូវបានចាប់ផ្ដើមនៅឆ្នាំ២០០២ និងបញ្ចប់វិញនៅឆ្នាំ២០១២ ស្ថិតក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីតមានកម្ពស់៦០១ម៉ែត្រ។ អគារនេះមានរូបនិមិត្តសញ្ញាម៉ោងនៅផ្នែកខាងលើនៃអគារ ហើយបច្ចុប្បន្នត្រូវបានគេចាត់ទុកជាកន្លែងដ៏ពិសិដ្ឋមួយសម្រាប់ក្រុមអ្នកកាន់សាសនាម៉ូស្លីមជួបជុំគ្នា។
២) Shanghai Tower

ចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០០៩ និងបញ្ចប់នៅឆ្នាំ ២០១៥ ដោយចំណាយលុយ ២.២ពាន់លានដុល្លារអាមេរិក និងមានកម្ពស់៦៣២ម៉ែត្រ។ បច្ចុប្បន្ន Shanghai Tower គឺជាអគារដែលខ្ពស់ជាងគេលំដាប់ទី២ នៅក្នុងពិភពលោក ប៉ុន្តែវាជាអគារដែលខ្ពស់ជាងនៅក្នុងប្រទេសចិន និងនៅតំបន់អាស៊ី។
១) Burj Khalifa

ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០០៤ និងបញ្ចប់នៅឆ្នាំ២០១០ ដោយចំណាយលុយ ១.៥ពាន់លានដុល្លារអាមេរិក និងមានកម្ពស់៨២៨ម៉ែត្រ ស្ថិតក្នុងទីក្រុងឌូបៃ នៃប្រទេស United Arab Emirates៕






