ដោយ រ៉ាណេត
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ជម្លៀសបណ្តារោងចក្រ សហគ្រាស និងឃ្លាំង ឱ្យចាកចេញទៅតាំងនៅតាមតំបន់ជាយក្រុង តំបន់ផ្លូវជាតិលេខ៤កាន់តែមានប្រជាប្រិយភាពខ្ពស់ ព្រោះតម្រូវការលើវិស័យដីធ្លីមានការកើនឡើងខ្លាំង ដែលជំរុញឱ្យតម្លៃនៅលើទីផ្សារក៏កើនឡើងផងដែរ។
នាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រីតាំង ហួរបានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៩ មេសាកន្លងមកថា បច្ចុប្បន្ននេះ ដោយសារតែតម្រូវការលើវិស័យដីធ្លីនៅតំបន់ជាប់ជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៤តែម្ដង បានជម្រុញឱ្យតម្លៃដីនៅតំបន់នេះមានការកើនឡើង។ លោកស្រីមានបន្តទៀតថា នៅតាមបណ្តោយផ្លូវជាតិលេខ៤សព្វថ្ងៃនេះ ចាប់ផ្តើមមានសកម្មភាពរស់រវើកជាងឆ្នាំកន្លងទៅ ដែលក្រៅពីមានគម្រោងពុះដីឡូតិ៍សម្រាប់សំណង់លំនៅដ្ឋាន ក៏មានការបង្កើតជាឃ្លាំងស្តុកទំនិញ ក៏ដូចជាវត្តមានរោងចក្រមួយចំនួននោះ ក៏មានគម្រោងបុរីផងដែរ ដែលទាំងអស់នេះ ជាចលករយ៉ាងសំខាន់ក្នុងការធ្វើឱ្យតម្លៃដី នៅតំបន់ទាំងនេះមានការកើនឡើងជាងឆ្នាំមុន។
-->
លោកស្រីបន្តថា “អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺដីដែលមានទីតាំងនៅកៀកនឹងរាជធានីតែម្ដង ដែលមានការកើនឡើងខ្ពស់រហូតដល់ប្រមាណ៣០ភាគរយ បើធ្វើការប្រៀបធៀបកាលពីឆ្នាំមុន ហើយតម្លៃនេះនឹងនៅតែបន្តកើនឡើងទៀត ខណៈដែលតម្រូវការនៅតែបន្តមាន”។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ក៏បានមានប្រសាសន៍ផងដែរថា ជាក់ស្ដែងវិស័យដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៤ ពិតជាមានសកម្មភាពល្អប្រសើរមែន ហើយតម្លៃក៏មានការប្រែប្រួលផងដែរ។ ចំពោះដីដែលជាប្រភេទសម្រាប់សាងសង់ឃ្លាំង ឬរោងចក្រ ដែលមានវិសាលភាពធំទូលាយ និងច្រើនហិកតាឡើងទៅ គឺមានតម្លៃក្នុងចន្លោះ៧០-៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើចំពោះដី ដែលស្ថិតនៅតំបន់សង់លំនៅដ្ឋានសម្រាប់ស្នាក់នៅ គឺមានតម្លៃក្នុងចន្លោះ ១៥០ទៅ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា “ដីដែលស្ថិតនៅគៀកនឹងខេត្តកំពង់ស្ពឺ ភាគច្រើនត្រូវបានគេនិយមគិតជាម៉ែត្រដើរ ដែលក្នុងមួយម៉ែត្រមានចាប់ពី ៨,០០០ - ១០,០០០ដុល្លារក្នុងមួយម៉ែត្រ ដែលវាក៏អាស្រ័យទៅលើជម្រៅដី (បណ្តោយដី) វែងឬខ្លីផងដែរ”៕