ដោយ រ៉ាណេត
ភ្នំពេញ៖ បើទោះជាគម្រោងផ្សារទំនើបធំៗត្រូវបានបង្ហាញ ប៉ុន្តែតម្រូវការនៃការជួលទីតាំងលក់រាយ នៅតាមផ្សារទំនើបនៅតែបន្តភាពរឹងម៉ាំដដែល និងមិនទាន់សញ្ញាបង្ហាញពីការធ្លាក់ចុះនោះឡើយ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានសិក្សាពីតម្រូវការប្រើប្រាស់ទីតាំងលក់រាយ តាមផ្សារទំនើបនានាក្នុងដំណាច់ត្រីមាសទី១ ឆ្នាំ២០១៩នេះបានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមេសានេះ បានឱ្យថា នៅត្រឹមដើមឆ្នាំ ២០១៩នេះ តម្រូវការនៃការជួលទីតាំងលក់រាយនៅតាមផ្សារទំនើប នៅតែមានសញ្ញាវិជ្ជមាននៅឡើយ។ ជាមួយនឹងការប្រកាសដែលបង្ហាញពីលទ្ធផល នៃការស្រាវជ្រាវប្រចាំត្រីមាសទី១នេះ ក៏បានលើកឡើងផងដែរថា បច្ចុប្បន្នចំពោះបណ្តាងទំនិញ បែបទំនើបមួយចំនួនដែលធ្លាប់តែតាំងនៅតាមដងផ្លូវមួយចំនួន កាលពីប៉ុន្មានឆ្នាំមុននោះហាក់លែងមានទៀតហើយ។
-->
ការសិក្សាដដែលបានរកឃើញថា ដោយសារម្ចាស់អាជីវកម្ម ក៏ដូចជាពាណិជ្ជករមួយចំនួន បានដឹងពីភាពងាយស្រួលក្នុងការជួលទីតាំងលក់រាយ នៅតាមផ្សារទំនើបស្របពេលដែលមនុស្សជាច្រើន ចាប់ផ្តើមផ្លាស់ប្ដូរនិន្នាការពីការរស់នៅបែបសាមញ្ញ និងតាមទម្លាប់ទៅជាបែបទាន់សម័យព ស៊ីវិល័យនៃសង្គមនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងដូចជា ទំហំនៃផ្សារទំនើបជាតិ អន្តរជាតិដែលមិនទាន់បានប្រើប្រាស់ស្ថិតក្នុងភាពទំនេរនៅសល់ប្រមាណ១០ភាគរយប៉ុណ្ណោះ។ នេះគឺជាសញ្ញាវិជ្ជមានមួយ ដែលបញ្ជាក់ថា ទីផ្សារ និងតម្រូវការនៃការជួលទីតាំងលក់រាយ នៅតាមផ្សារទំនើបនៅតែមានភាពរឹងម៉ាំដដែល បើទោះជាផ្សារទំំនើបធំមួយចំនួនទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងការឈានជើងចូលមកក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។
កញ្ញា គឹម គិនកេសា អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ ក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឱ្យដឹងថា ហេតុផលដែលធ្វើឱ្យមានតម្រូវការខ្ពស់ក៏ព្រោះតែស្ថានភាពសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាជន ក្នុងស្រុកមានភាពល្អប្រសើរជាងមុន មានចំណូល និងចំណាយកើនឡើង ដែលជាហេតុធ្វើឱ្យកើតមានសង្វាក់ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ឱ្យស្របទៅនឹងតម្រូវការជាក់ស្ដែង។

កញ្ញាបន្តថា “អ្នកវិនិយោគដែលដើរតួជាអ្នកផ្គត់ផ្គង់ក្នុងវិស័យនេះ មានទាំងអ្នកក្នុងស្រុក និងអ្នកក្រៅស្រុកផងដែរ រហូត ដល់មានការនាំចូលនូវម៉ាកផលិតផលថ្មីៗ ចំនួន៦៥ប្រភេទនៅត្រឹមដំណាច់ឆ្នាំ២០១៨”។ កញ្ញាបន្តថា “ផលិតផលដែលតម្រូវដាក់លក់នៅទីតាំងលក់រាយតាមផ្សារទំនើបភាគច្រើនជាប្រភេទចំណីអាហារ និងភេសជ្ជៈ ដែលនាំចូលមកពីប៉ែកអាស៊ីប៉ាស៊ីហ្វិក”៕