ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ យ៉ាងហោចណាស់មានគម្រោងខុនដូចំនួន៣ត្រូវបានបញ្ចប់ការសាងសង់នៅត្រឹមត្រីមាសទី១នៃឆ្នាំ២០១៩ ដែលមានចំនួនសរុបរហូតដល់១០៩១យូនីត មានការកើនឡើងប្រមាណ ៧,៦៩ភាគរយ ក្នុងការផ្គត់ផ្គង់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
ផ្អែកតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុន CBRE ដែលបង្ហាញកាលពីថ្ងៃទី៩ ខែមេសា បានឱ្យដឹងថា ខុនដូប្រភេទមធ្យមមានចំណែកទីផ្សារប្រមាណ ៨៩,៣ភាគរយនៃស្តុកដែលបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ដែលក្នុងនោះមានគម្រោង Urban Loft ដែលមាន ១៨២ យូនីត និងគម្រោង The Skyline ដែលមាន ៧៩២ យូនីត។
របាយការណ៍ដដែលបានបង្ហាញទៀតថា ខុនដូប្រភេទខ្ពស់ដែលបានបញ្ចប់ការសាងសង់ក្នុងត្រីមាសចុងក្រោយនេះមានចំនួន១១៧យូនីត ស្ថិតនៅក្នុងគម្រោង Embassy Central ដែលមានទីតាំងនៅក្នុងខណ្ឌចំការមន បានធ្វើឱ្យមានការកើនឡើងនូវការផ្គត់ផ្គង់ចំនួនខុនដូកម្រិតខ្ពស់សរុបប្រមាណ ៣,៨ភាគរយ ។
មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន CBRE កញ្ញា គឹម គិនកេសា បានប្រាប់ឱ្យដឹងថា ៖ «នៅក្នុងវិស័យខុនដូ មានការចាប់ផ្តើមបើកលក់ខុនដូថ្មីៗចំនួន៥ គម្រោង នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ដែលក្នុងនោះមានចំនួន៤គម្រោងគឺជាខុនដូប្រភេទសមរម្យ ដែលបានបង្កើនការផ្គត់ផ្គង់ខុនដូប្រភេទនេះចំនួន១១៦៩យូនីត។
ដោយឡែកចំពោះទីផ្សារខុនដូកម្រិតសមរម្យក៏មានគម្រោងត្រូវបានបញ្ចប់ផងដែរ ដូចជាគម្រោង Phnom Penh Star ដែលបានបន្ថែម ៤៤៨ យូនីតទៅក្នុងស្តុកសរុប ស្មើនឹង ២៩ភាគរយ នៃការផ្គត់ផ្គង់ថ្មីនៅត្រឹមត្រីមាសទី១ ឆ្នាំ២០១៩ ។ ជាមួយគ្នានេះ ប្រមាណ៥១ភាគរយ នៃយូនីតដែលត្រូវបានបើកលក់នៅក្នុងត្រីមាសទី១នេះ គឺមានទីតាំងនៅក្នុងខណ្ឌសែនសុខ រួមមានអាគារទី១នៃគម្រោង Romduol City , គម្រោង The Seven Residence និងគម្រោង ថ្មមួយដុំ (Thmor Madom Condominium) ដែលមានចំនួនខុនដូសរុប ៩៧៤ យូនីត»។
កញ្ញាបានបន្តទៀតថា ៖ « ពាក់ព័ន្ធទៅនឹងតម្លៃលក់គឺមានការប្រែប្រួលតិចតួច ដោយទីផ្សារខុនដូកម្រិតខ្ពស់មានការកើនឡើងប្រមាណ ០,៤ភាគរយ ហើយខុនដូប្រភេទសមរម្យមានការកើនឡើងប្រមាណ ០,៥ភាគរយ ហើយតាមការព្យាករណ៍ចំពោះតម្លៃដាក់លក់គិតជាមធ្យមទៅលើទីផ្សារខុនដូកម្រិតមធ្យមនឹងមានការថយចុះបន្ដិច ពោលគឺក្នុងតម្លៃ ២៥៦២ ដុល្លារក្នុងមួយម៉ែត្រការ៉េ មកនៅត្រឹម ២៥៥៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ដោយឡែកចំពោះទីផ្សារនៃការជួលខុនដូកម្រិតខ្ពស់ និងមធ្យម នៅបន្តស្ថេរភាពដដែល ដោយអត្រាតម្លៃជួលខុនដូកម្រិតខ្ពស់បានកើនឡើងប្រមាណ១ភាគរយ ចំណែកឯអត្រាការជួលខុនដូប្រភេទមធ្យមមិនមានការប្រែប្រួលនោះទេ» ៕






