ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅ​ភ្នំពេញ​នៅតែ​បន្ត​កើនឡើង​ក្នុង​ត្រីមាស​ទី១ឆ្នាំនេះ​

0

​ដោយ​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​៖​ ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​នៅតែ​បន្ត​កើនឡើង​ ​ស្រប​ពេល​ដែល​តម្រូវការ​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ផង​ដែរ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ដែល​សិក្សា​ ​និង​ស្រាវជ្រាវ​ដោយក្រុម​ហ៊ុន​ ​CBRE​ ​Cambodia​។​ ​

​នៅក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញថា​ ​ចំពោះ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ត្រឹម​រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំ២០១៩​ ​មានការ​កើនឡើង​បន្តិចបន្តួច​។​ ​នៅក្នុង​ត្រីមាស​ទី១នេះ​ ​មានការ​បញ្ចប់​ការ​សា​សង់​នូវ​អគារ​ការិយាល័យ​ ​ម្ចាស់​តែមួយ​ប្រមាណ៩១៨០ម៉ែត្រការ៉េ​ ​ដែល​ស្មើនឹង​ការ​កើនឡើង​ប្រមាណ២,៧ភាគរយ​ ​បៀ​ប​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​ការ​ដាក់បញ្ចូល​អគារ​ ​Elysee​ ​Tower​ ​នៅក្នុង​ទីផ្សារ​ ​បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​នៃ​ការិយាល័យ​កម្រិតB​ ​កើនឡើង​ប្រមាណ៩,៥ភាគរយ​។​ ​នៅក្នុង​ត្រីមាស​ទី១នេះ​ ​ក៏​មានការ​សម្ពោធ​អគារ​ ​Maritime​ ​Tower​ ​ដែល​ទើបត្រូវ​បាន​បញ្ចុះ​បឋមសិលា​បើក​ការសាងសង់​កាលពី​អំឡុង​ខែមករា​ផង​ដែរ​។​ ​

​កញ្ញា​ ​គឹម​ ​គិ​នកេ​សា​ ​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ ​CBRE​ ​Cambodia​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​អត្រា​នៃ​ការជួល​អគារ​ការិយាល័យ​ទូទៅ​មានការ​កើនឡើង​ពី៨៥,៣៦ភាគរយ​ ​មក៨៥,៩៦ភាគរយ​ ​ស្មើ​នឹង​កំនើ​នប្រ​មា​ណ០,៦ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។​
​ដោយឡែក​ចំពោះ​តម្លៃ​នៃ​ការជួល​វិញ​ ​កញ្ញា​បាន​លើកឡើង​ថា​ ​ហាក់​មិន​មានការ​ប្រែប្រួល​នោះ​ទេ​។​ ​

​កញ្ញា​ ​គឹម​ ​កិន​កេសា​ ​បាន​បញ្ជាក់​ថា​ ​តម្លៃ​នៃ​ការជួល​អគារ​ការិយាល័យ​កម្រិត​ ​B​ ​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​ ​មានការ​កើនឡើង​ប្រហែល០,៥ដុល្លារ​ ​សម្រាប់​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ខែ​។​ ​ចំណែក​ឯ​តម្លៃ​ជួល​អគារ​ការិយាល័យ​ ​នៅ​ក្រៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​វិញ​មានការ​ធ្លាក់ចុះ​បន្តិច​ ​ដោយសារ​មាន​កា​រប​ញ្ជូល​អគារ​ ​Elysee​ ​Tower​ ​ទៅ​ក្នុង​ការ​ផ្គត់ផ្គង់​នៃ​អគារ​ម្ចាស់​តែមួយ​។​ ​ដោយឡែក​ចំពោះ​ទីផ្សារ​ការិយាល័យ​កម្រិតA​ ​និង​ ​C​ ​មានការ​ប្រែប្រួល​តិច​បំផុត​នៅក្នុង​ត្រីមាស​ទីមួយ​នេះ​។​ ​

​កញ្ញា​បាន​បន្ត​ថា​ ​“​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​ម្ចាស់​ផ្សេងគ្នា​ ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ​ដោយសារតែ​មានការ​បញ្ចប់​ការសាងសង់​អគារ​ ​Diamond​ ​Twin​ ​Tower​ ​ដែល​មាន​ទីតាំង​ស្ថិត​ម្ដុំ​កោះ​ពេជ្រ​ ​ក្នុង​ខណ្ឌចំការមន​”​។​

​ការ​ដាក់ឲ្យ​ដំណើរការ​ ​Diamond​ ​Twin​ ​Tower​ ​បាន​បន្ថែម​ប្រមាណ១៩,៨១២​ ​ម៉ែត្រការ៉េ​ ​នៃ​ការ​ផ្គត់ផ្គង់​អាគារ​ការិយាល័យ​សរុប​កើនឡើង៤៥,៣​ ​ភាគរយ​។​ ​នៅក្នុង​ត្រីមាស​ទី១នេះ​ ​ក៏​មានការ​សម្ពោធ​នូវ​អគារ​ ​Chief​ ​Tower​ ​ដែល​ជា​អគារ​ការិយាល័យ​ម្ចាស់​ផ្សេងគ្នា​កម្រិត​ ​B​ ​ដែល​មានផ្ទៃ​ក្រឡា​ ​១២,២៥០​ ​ម៉ែត្រការ៉េ​ ​និង​ត្រូវ​បាន​បញ្ចុះ​បឋមសិលា​បើក​ការសាងសង់​ក្នុង​មីនា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here