ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលការអភិវឌ្ឍន៍លំនៅដ្ឋានបានកើនឡើង ការប្រកួតប្រជែងនៅលើទីផ្សារក៏កំពុងមានភាពតានតឹងផងដែរ ដោយម្ចាស់បុរីនានាបាននិងកំពុងប្រើប្រាស់វិធីសាស្រ្តថ្មីទាំងស្រុង ដើម្បីលក់លំនៅដ្ឋានរបស់ខ្លួនចេញ។
ជំនួយការអគ្គនាយកបុរីពិភពថ្មី លោក ង៉ែត ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១០ មេសាកន្លងមកថា ការលក់លំនៅដ្ឋានក្នុងបុរីពិភពថ្មី បច្ចុប្បន្នលក់បានជោគជ័យ ដោយសារការលក់គ្មានប្រាក់កក់ជាមុន ព្រោះបើយើងនៅលក់ទាមទារប្រាក់កក់៣០ទៅ៤០ភាគរយដូចពីមុន យើងលក់មិនដាច់នោះទេ។លោកបន្តថា នេះជានិន្នាការថ្មី ដែលទីផ្សារបានវិវត្តន៍បែបនេះ ព្រោះការលក់តាមរយៈការបង់រំលស់រយៈពេលវែង ដែលបង់ប្រចាំខែចន្លោះពី៤០០ទៅ៥០០ដុល្លារទើបអាចដំណើរការបាន។
លោកបន្តថា “បើកក់លើសពី៥០០ដុល្លារអាមេរិក ក្នុងមួយខែក៏មិនអាចលក់បានជោគជ័យនោះដែរ”។
ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីណា នាយកផ្នែកលក់ និងទីផ្សារនៃបុរីវិមានភ្នំពេញបានមានប្រសាសន៍ឲ្យដឹងស្រដៀងគ្នាថា ការលក់តាមរយៈកញ្ចប់គ្មានប្រាក់កក់រយៈពេល១៨ខែ ដែលស្មើនឹង៤០ភាគរយ នៃតម្លៃលំនៅដ្ឋានទទួលបានជោគជ័យខ្លាំង ដោយសារទទួលបានការគាំទ្រពីអតិថិជន។ អ្នកនាងបន្តថា ចំណែកការបង់ប្រាក់រយៈពេលវែងដោយគ្មានការប្រាក់រយៈពេល២០ឆ្នាំ មិនទាន់ទទួលបានជោគជ័យខ្លាំងនៅឡើយទេ សំរាប់គំរោងបុរីវិមានភ្នំពេញ។
លោកស្រីបន្តថា “លក្ខខ័ណ្ឌបង់ប្រាក់ពិតមានសារៈសំខាន់ណាស់ ដើម្បីឲ្យអតិថិជនមានភាពងាយស្រួលក្នុងការទិញលំនៅដ្ឋាន”។






