ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អភិបាលខេត្តតាកែវបានឲ្យដឹងថា ខេត្តតាកែវនាពេលបច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនចូលទៅរកស៊ី ការសាងសង់លំនៅដ្ឋានឬបុរីលក់នៅឡើយទេ បើធៀបទៅនឹងបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច។
លោកអ៊ូច ភា អភិវបាលខេត្តតាកែវឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ១១ ខែមេសានេថា ថា “ការអភិវឌ្ឍន៍លំនៅដ្ឋាន នៅក្នុងខេត្តរបស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ មានការរីកចម្រើនច្រើនគួរឪ្យកត់សម្គាល់ តែយើងមិនទាន់មានឃើញគម្រោងសាងសង់បុរី ដូចបណ្តាខេត្តនានាក៏ដោយ។ លោកបន្តថា ចំណែកសកម្មភាពពុះដីឡូតិ៍ខេត្តតាកែវ ក៏មិនទាន់មានក្រុមហ៊ុនទៅរកស៊ីផុលផុសផងដែរ តែឃើញមានការពុះដីឡូតិ៍លក់ជាលក្ខណៈគ្រួសារប៉ុណ្ណោះ។
លោកបន្តថា “អាជ្ញាធរខេត្តកំពុងកែលំអរហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តទាំងមូល ដោយការពង្រីកផ្លូវឲ្យកាន់តែធំជាងមុន និងល្អ និងសុវត្ថិភាពជាមុន ដើម្បីឲ្យទាន់ការរៀបចំបុណ្យច្រតព្រះនង្គ័យនាពេលខាងមុខនេះ”។
-->
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានៅក្នុងជំនួបជាមួយកម្មករ និយោជិតជាង១៧,០០០នាក់ មកពីបណ្តារោងចក្រនានាក្នុងខេត្តតាកែកាលពីឆ្នាំ ២០១៨ កន្លងមកបានចាត់ទុកខេត្តតាកែវ ជាខេត្តមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ហើយសម្តេចរំពឹងថា ក្រោយពេលផ្លូវជាតិលេខ២ស្ថាបនា និងពង្រីករួចនឹងមានរោងចក្រកាន់តែច្រើនវិនិយោគក្នុងខេត្តនេះ។
សម្តេចបន្តថា “ខេត្តតាកែវមានសក្តានុពលវិនិយោគខ្ពស់ ហើយមានដីទំនេរច្រើនសម្រាប់បង្កើតរោងចក្រ សហគ្រាសនានា”។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ទីរួមខេត្តដែលមានចម្ងាយប្រមាណ៧៨គីឡូម៉ែត្រនេះ មិនទាន់ទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគ អាចបណ្តាលមកពីកត្តាមួយចំនួនដូច ជា តង់ស៊ីតេប្រជាជននៅមានកម្រិត សកម្មភាពនៃការធ្វើពាណិជ្ជកម្មក្នុងខេត្តមិនទាន់មានភាពផុសផុលនៅឡើយ ពិសេសបញ្ហាហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ពីរាជធានី ទៅកាន់ខេត្តនេះមិនទាន់បានពង្រីកនៅឡើយ ប៉ុន្តែនៅពេលផ្លូវជាតិលេខ២ពង្រីករួច ខេត្តនេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ដូចការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។
លោកបន្តថា “អ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ពួកគេសិក្សាពីតម្រូវការច្បាស់លាស់ណាស់ ទើបពួកគេវិនិយោគ ពួកគេនឹងមិនវិនិយោគនោះទេ នៅពេលតម្រូវការមិនទាន់មាន នេះជាកត្តាសត្យានុម័ត”៕