ដោយ រ៉ាណេត
កំពត៖ បន្ទាប់ពីបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដោយសម្ដេច តេជោ ហ៊ុន សែន ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលជាសមិទ្ធផលថ្មីកាលពីពេលកន្លងទៅ ពេលនេះខេត្តកំពត កំពុងតែបង្កើននូវប្រជាប្រិយភាព និងសក្ដានុពលយ៉ាងខ្លាំង ក្រោមវត្តមានរបស់ក្រុមហ៊ុនជាតិ-អន្តរជាតិ ផ្នែកខាងអភិវឌ្ឍវិស័យអចលនទ្រព្យចាប់ផ្តើមមានសកម្មភាពហើយ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែមេសាកន្លងមកថា បច្ចុប្បន្ននេះឃើញមានក្រុមហ៊ុនអភិវឌ្ឍជាតិ និងអន្តរជាតិ បានចាប់ផ្តើមចូលទៅធ្វើសកម្មភាពលើផ្នែកអចលនទ្រព្យជាបណ្តើរៗហើយ។
-->
លោកស្រីបន្តថា នៅក្នុងខេត្តកំពត គឺមានគម្រោងជាច្រើនដែលកំពុងត្រូវបានអ្នកជំនាញ និងអ្នកវិនិយោគកំពុងតែសិក្សាពីលទ្ធភាព និងឱកាសក្នុងការអភិវឌ្ឍ ដោយក្នុងនោះរួមមានផ្នែកមណ្ឌលកម្សាន្ត, សណ្ឋាគារ, ក៏ដូចជា កាស៊ីណូ ជាដើម។ ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនជប៉ុនមួយ បានចាប់ផ្តើមចាក់បេតុងបុកគ្រឹះ ផ្តើមដំណើរការសាងសង់សណ្ឋាគារកម្រិតផ្កាយ៥ ដែលមានទីតាំងស្ថិតក្បែរតំបន់ជាប់មាត់ព្រែក។
លោកស្រីបន្តថា “ជាមួយនឹងសកម្មភាព និងវត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យទាំងអស់នេះ បានជម្រុញឱ្យតម្លៃដីនៅតំបន់សំខាន់ៗ និងសក្ដានុពលមួយចំនួនក្នុងខេត្តកំពត ដូចជាតំបន់ជាប់មាត់សមុទ្រ តំបន់ភ្នំ និងតំបន់ជាប់មាត់ព្រែក មានការកើនឡើងប្រមាណ២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយឡែកចំពោះតំបន់ផ្សេងទៀតហាក់មានកម្រិតធម្មតា មិនទាន់មានការប្រែប្រួលច្រើននោះទេ”។
អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានមានប្រសាសន៍ ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីពេលកន្លងទៅនេះថា បច្ចុប្បន្ននេះមានក្រុមហ៊ុន ចិន កូរ៉េ តៃវ៉ាន់ ជប៉ុន និង ក្រុមហ៊ុនបរទេសជាច្រើនទៀត បានចូលមកស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តកំពត ប៉ុន្តែគម្រោងណាមួយជាក់លាក់ មិនទាន់បានចាប់ផ្តើមនៅឡើយទេ។
លោកបន្តថា ពួកគេកំពុងសិក្សា ស្វែងយល់ពីសក្តានុពលរបស់ខេត្ត ដែលកំពុងមានភាពទាក់ទាញអ្នកវិនិយោគជាតិ - អន្តរជាតិ។

លោកបន្តថា “ខ្ញុំគិតថានៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២០ខាងមុខ វិស័យសំណង់ និងអចលនទ្រព្យ នឹងរីកចម្រើនខ្លាំងនៅក្នុងខេត្តនេះ ដោយសារខេត្តកំពតមានសក្តានុពលជាច្រើន”។លោកបន្ថែមថា “ខេត្តកំពត មានសក្តានុពលជាច្រើន ដោយមានកំពង់ផែទឹកជ្រៅ មានតំបន់សេដ្ឋកិច្ចពិសេស ធនធានធម្មជាតិ និងរមណីយដ្ឋានធម្មជាតិជាច្រើនសម្រាប់បម្រើវិស័យទេសចរណ៍”៕