ដោយ រ៉ាណេត
ភ្នំពេញ៖ ស្របពេលទីផ្សារខុនដូកំពុងរីកចម្រើន ការសម្រេចចិត្តទិញលំនៅដ្ឋានទំនើបនេះ មិនមែនជាការគួរប្រថុយប្រថាននោះទេ។ ដូច្នេះដើម្បីបញ្ចៀសហានិភ័យនៃការខាតបង់ ទាមទារឱ្យអ្នកវិនិយោគស្វែងយល់លើកត្តាមួយចំនួនដើម្បីទទួលបានផាសុកភាពក្នុងការរស់នៅ ក៏ដូចជាទទួលបានផលចំណេញពីការវិនិយោគរបស់ខ្លួន។
តើអតិថិជនត្រូវពិនិត្យលើកត្តាអ្វីខ្លះ ដើម្បីឱ្យការបោះទុនវិនិយោគលើវិស័យនេះបញ្ចៀសបាននូវហានិភ័យអ្នកជំនាញក្នុងវិស័យនេះបានឱ្យដឹងថា មុនសម្រេចចិត្តទុនខុនដូអ្នកវិនិយោគគួរសម្លឹងមើលកត្តាសំខាន់ៗចំនួន៣ ព្រោះកត្តាទាំងនេះ ជាផ្នែកយ៉ាងសំខាន់សម្រាប់វិនិយោគ ក៏ដូចជាសម្រួលភាពងាយស្រួលក្នុងការរស់នៅ។
ពិនិត្យមើលលើកត្តាច្បាប់
ច្បាប់ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឱ្យអតិថិជនមានទំនុកចិត្តក្នុងការវិនិយោគលើផ្នែកនេះ ដូចនេះមុនសម្រេចចិត្តវិនិយោគលើអាគារខុនដូណាមួយអតិថិជនត្រូវសាកសួរទៅអ្នកអភិវឌ្ឍន៍លើច្បាប់ចំនួន៣ ទី១ ច្បាប់ទាក់ទងនឹងការសាងសង់ ទី២ ច្បាប់ទាក់ទងនឹងអាជ្ញាប័ណ្ណអភិវឌ្ឍន៍ ហើយទី៣ ច្បាប់ទាក់ទងនឹងអាជ្ញាប័ណ្ណលក់ និងកត្តាមួយទៀតអតិថិជនគួរសាកសួរទៅធនាគារ ដើម្បីដឹងថាតើធនាគារអាចផ្តល់ឥណទានទិញគម្រោងនោះ ឬអត់ ? ព្រោះប្រសិនជាធនាគារយល់ព្រមផ្តល់ឥណទានមានន័យថាគម្រោងនោះស្របច្បាប់ហើយ។
-->
ការរចនាអាគារ
ការរចនា (Design) អាគារក៏ជាកត្តាសំខាន់ ពិតជាមិនអាចមើលរំលងបានផងដែរ ព្រោះការរចនាអាគារខុនដូ គឺជាកត្តាកំណត់តម្លៃទ្បើង ឬចុះនៃយូនីតដែលអ្នកបានទិញនៅក្នុងខុនដូណាមួយនោះ។ ប្រសិនជាអ្នកអភិវឌ្ឍន៍ខុនដូ គិតតែពីប្រាក់ចំណេញតម្លៃខុនដូនោះមិនទ្បើងថ្លៃនោះទេ និងធ្វើឱ្យតម្លៃនៃការលក់ ឬជួលធ្លាក់ចុះផងដែរ។
ដូចនេះការរចនាពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យអាគារខុនដូណាមួយមានភាពទាក់ទាញ អាចទទួលបានចំណេញ និងចំណូលច្រើនពីការលក់ ឬការជួល ព្រោះការឌីសាញផ្នែកខាងក្នុង និងខាងក្រៅអាគារ ការរៀបចំចំណតយានយន្តសមស្រប និងមានសេវាកម្មចាំបាច់មួយចំនួនទៀតដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ឬមានភោជនីយដ្ឋាន និង Sky Bar ជាដើម ពិតជាមិនអាចមើលរំលងបាន ព្រោះកត្តាទាំងនេះ ដើរតួនាទីកំណត់នូវតម្លៃទ្បើង ឬចុះរបស់ខុនដូនៅលើទីផ្សារ។

ទីតាំង
ការជ្រើសរើសទីតាំងគម្រោងអភិវឌ្ឍខុនដូ ក៏ជាកត្តាចាំបាច់សម្រាប់អ្នកទិញខុនដូផងដែរ ព្រោះតាមធម្មតាអ្នកទិញខុនដូតែងចង់បានទីតាំងដែលល្អ មានខ្យល់អាកាសបរិសុទ្ធ ទេសភាពស្អាតស្រស់បំព្រង និងមានភាពងាយស្រួលសម្រាប់ការរស់នៅ ដូចជានៅជិតផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋាន និងផ្សារទំនើបជាដើម។
ដូចនេះការជ្រើសរើសទីតាំងកណ្តាលក្រុង មានទេសភាពស្អាត និងខ្យល់អាកាសល្អ គួរជាកត្តាដែលត្រូវយកមកពិចារណាមិនអាចខ្វះបានផងដែរ៕