ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយតម្លៃជាង២០០លានដុល្លារអាមេរិក បានទទួលការអនុម័តយល់ព្រមពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រួចហើយ ដែលគំរោងនេះនឹងរំលេចខ្លួនលើមហាវិថីសម្តេចតេជោ ហ៊ុន សែន។

យោងតាមឯកសាររបស់ក្រសួងដែនដីបានឲ្យដឹង កាលពីថ្ងៃទី១៣មេសាកន្លងមកថា គំរោងនេះជាការវិនិយោគរបស់ក្រុមហ៊ុន GoodRee Development Limited ដែលតំណាងដោយលោក តាន់ គឹមលាន។គំរោងដ៏ធំនេះមានអាគារចំនួនបី ដែលមានកំពស់១៩ជាន់ អាគារ២១ជាន់ និងអាគារកំពស់២៥ជាន់។ ឯកសារដដែលបានឲ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមមាន ផ្សារទំនើប អាគារការិយាល័យ ខុនដូ និងសេវាកម្មជាច្រើនទៀត។
គំរោងនេះ វិនិយោគក្នុងទឹកប្រាក់រហូតដល់២២៧លានដុល្លារអាមេរិក នៅលើតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងលឿននេះ។
បច្ចុប្បន្នតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសតំបន់ស្ថិតនៅស្របតាមបណ្តោយផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេច តេជោ នេះ មានគំរោងលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន ដូចជា បុរី ប៉េង ហួត បុរី Woodland បុរីរបស់ក្រុមហ៊ុន ជីព ម៉ុង និងគំរោងអភិវឌ្ឍន៍ជាច្រើនទៀតដូចជា R&F ដែលមានអាគារលំនៅដ្ឋានសហកម្មសិទ្ធិរហូតដល់២០អាគារ និងគំរោងអភិវឌ្ឍន៍ជាច្រើនទៀត៕






