ដោយ គង់ សូរិយា
ភ្នំពេញ៖ ការវិនិយោគដែលគ្មានចំណេះដឹង អាចធ្វើឲ្យអ្នកវិនិយោគមិនត្រឹមតែមិនទទួលបានចំណេញនោះទេ តែទទួលបានរឿងរ៉ាវ ដែលខាតទាំងថវិកានិងពេលវេលា។ហេតុនេះអ្នកវិនិយោគគួរសិក្សាចំណុចសំខាន់ៗទាំងអស់នេះ។
ព៌តមានត្រឹមត្រូវ
ការទទួលបានព៌តមានត្រឹមត្រូវមានសារៈសំខាន់ណាស់ ដើម្បីយើងអាចវិភាគពិចារណាឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយមុនសម្រេចចិត្តបោះទុនវិនិយោគ ព្រោះបច្ចុប្បន្នមានព៌តមានច្រើនណាស់ ដែលជាព៌តមានបំពុលនិងប្រាសចាកក្រមសីលធ៌មវិជ្ជាជីវៈ។
ការទទួលបានព៌តមានមិនត្រឹមត្រូវ នឹងធ្វើឲ្យការវិនិយោគរបស់លោកអ្នកមានហានិភ័យ និងទទួលបានផលអាក្រក់ត្រលប់ទៅវិញ។ ជួនកាលប្រជាជនទទួលបានព៌តមាន ដែលជាដំណឹង គឺដំណឹងជាប្រភេទព៌តមានមិនច្បាស់លាស់ និងមិនគ្រប់ ជ្រុងជ្រោយ ប៉ុន្តែបើជាអ្នកសារព៌តមាន ពួកគេនឹងជាអ្នកនាំសារដ៏សំខាន់ ជាអ្នកនាំពាក្យដ៏សំខាន់។ យ៉ាងណាក៏ដោយអ្នកសារព៌តមានមួយចំនួនសរសេរបំភ្លៃ និងថ្នូរនឹងផលប្រយោជន៍អ្វីមួយ។
ផ្ទុយទៅវិញគេហទំព័រ Propertyarea.asia ជាស្ថាប័នព៌តមានដែលមានអ្នកសារព៌តមានមានបទពិសោធន៍យូរឆ្នាំ និងគោរពនូវតម្លៃព៌តមាន និងមានវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងបដិសេធនូវការទិញព៌តមានជាថ្នូរនឹងផលប្រយោជន៍ដាច់ខាត។
ចំណេះដឹងផ្នែកច្បាប់
ចំណេះដឹងផ្នែកច្បាប់ ក៏ជាកត្តាសំខាន់មិនអាចខ្វះបាន ព្រោះការទិញលក់អចលនទ្រព្យ ត្រូវប្រើប្រាស់នូវមូលដ្ឋានច្បាប់ជាធរមាន។ វាពិតជាមានការងារជាច្រើនដែលត្រូវស្វែងយល់ទាក់ទងនឹងប័ណ្ណកម្មសិទ្ឋអចលនទ្រព្យ។
ក្នុងទិដ្ឋភាពច្បាប់មានភាពស្មុគស្មាញ និងរឿងរ៉ាវជាច្រើន ដែលយើងត្រូវតែប្រុងប្រយ័ត្ន ហើយដើម្បីបញ្ចៀសពីបញ្ហាផ្នែកច្បាប់ អ្នកវិនិយោគអាចពិគ្រោះជាមួយក្រុមហ៊ុនអចលនទ្រព្យមានវិជ្ជាជីវៈត្រឹមត្រូវ ឬពិគ្រោះជាមួយមេធាវីជាដើម។
ទីតាំងភូមិសាស្រ្ត
ទីតាំងភូមិសាស្រ្តជារឿងមិនអាចមើលរំលងបានឡើយ ព្រោះទីតាំងភូមិសាស្រ្តជាអ្នកកំណត់នូវតម្លៃអចលនទ្រព្យកើនឡើង ឬនៅទ្រឹងឬលក់មិនចេញបាន ហេតុនេះអ្នកវិនិយោគគួរសិក្សាឲ្យបានច្បាស់លាស់នូវទីតាំងភូមិសាស្រ្ត ឲ្យបានត្រឹមត្រូវនិងជាក់លាក់ដូចជា តំបន់ដែលលោក អ្នកចង់វិនិយោគ គួរជាតំបន់មានមនុស្សរស់នៅច្រើន ជាតំបន់ស្ថិតក្នុងផែនការ អភិវឌ្ឍរបស់រដ្ឋាភិបាល ជាតំបន់ដែលរដ្ឋាភិបាលសាងសង់ផ្លូវនាពេលអនាគត ជាតំបន់ដែលមានផ្លូវធំ ជាតំបន់មិនជាប់នឹងផ្នូរសាកសពជាដើម។
លំហូរសាច់ប្រាក់
អ្នកគ្មានទុនគ្រប់គ្រាន់ និងមានលំហូរសាច់ប្រាក់ឬប្រភពចំណូលមិនច្បាស់លាស់ មិនគួរខ្ចីឥណទានរបស់ធនាគារ ដើម្បីយកទៅវិនិយោគនោះទេ ប៉ុន្តែពួកគេអាចប្រើប្រាស់កម្ចីធនាគារបាន ដើម្បីយកទៅវិនិយោគ បើសិនជាខ្ចីត្រឹម ៣០ ទៅ ៤០ ភាគរយ នៃតម្លៃអចលនទ្រព្យដែលខ្លួនបានទិញ ហើយលំហូរសាច់ប្រាក់មានភាពទៀតទាត់ និងអាចទប់ទល់នឹងវិបត្តិឬភាព ជាប់គាំងអចលនទ្រព្យនៅពេលណាមួយបាន។
វិធីសាស្រ្តដោះស្រាយ
នៅពេលមានបញ្ហា ដំណោះស្រាយប្រាកដជាមាន ដែលអ្នកវិនិយោគត្រូវតែចាំពាក្យនេះ ហើយពិតជាមានដំណោះស្រាយក្នុងរយៈពេលណាមួយបាន ព្រោះការលក់អចលនទ្រព្យ មិនមែនជាការលក់ត្រីឬបន្លែនៅលើទីផ្សារបានភ្លាមៗនោះទេ។ ហេតុនេះទើបអ្នកវិនិយោគដែលមិនសូវមានចំណេះដឹង ត្រូវតែពិគ្រោះជាមួយអ្នកជំនាញជាមុនសិន មុនសម្រេចចិត្តវិនិយោគ ដោយសារអចលនទ្រព្យខ្លះ ពេលវិនិយោគរួចត្រូវជាប់គាំងក្នុងរយៈពេលណាមួយឬដោយសារវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកល។
ហេតុនេះទើបការសិក្សាលំហូរសាច់ប្រាក់ ដែលយើងនិយាយខាងលើជារឿងដែលមិនអាចខ្វះនិងមើលរំលងបាន។
គ្មានការផ្សងព្រេង
ការទិញអចលនទ្រព្យ មិនមែនជាការផ្សងព្រេងនោះទេ អ្នកវិនិយោគត្រូវតែចាំថាវាមិនមានការផ្សងព្រេងនោះទេ ហេតុនេះការប្រមូលព៌តមានឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ សិក្សាទិដ្ឋភាពច្បាប់ សិក្សាលំហូរសាច់ប្រាក់បានច្បាស់លាស់រួច សិក្សាពីទីតាំងភូមិសាស្រ្តបានច្បាស់លាស់ មុនសម្រេចចិត្តវិនិយោគ អ្នកនឹងក្លាយជាអ្នកវិនិយោគឆ្លាតវៃ និងប្រាសចាកហានិភ័យមិនខាន។
ដោយសារអចលនទ្រព្យជាវត្ថុមានតម្លៃខ្ពស់ ទិញស្រួល និងលក់ចេញមិនស្រួល ទើបត្រូវសិក្សាពីមូលដ្ឋានទាំង៥ខាងលើដោយខានមិនបាន៕