ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគបុរីធំៗក្នុងស្រុក បាននិងកំពុងសម្លឹងឆ្ពោះទៅវិនិយោគលំនៅដ្ឋាននៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញនោះ ដោយសារការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋ និងកំណើនប្រជាពលរដ្ឋ។
អគ្គនាយកបុរីវិមានភ្នំពេញ លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកបាននិងកំពុងរៀបចំគំរោងវិនិយោគនៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញនោះរួចហើយ ដោយគំរោងនេះនឹងចាប់ផ្តើមនៅរយៈពេលពីរ ឬបីឆ្នាំខាងមុខនេះ។លោកបន្តថា យើងមានដីរួចហើយសំរាប់អភិវឌ្ឍន៍នៅតំបន់នោះ ហេតុនេះគំរោងនេះនឹងចាប់ផ្តើមនៅមិនយូរនោះទេ។
-->
លោកបន្តថា “ជាមួយនឹងការរីកចម្រើននៅតាមបណ្តោយផ្លូវជាតិលេខ៥ និងតំបន់ជុំវិញនោះ ការវិនិយោគបុរីលំនៅដ្ឋាននានានឹងកើនឡើងខ្ពស់នៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញនោះ”។
ទោះជាយ៉ាងណាលោកឧកញ៉ា មិនទាន់បញ្ជាក់ពីទំហំទូនវិនិយោគ និងទំហំគំរោងនោះនៅឡើយទេ។
តំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញនោះ កំពុងទទួលការចាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើនហើយ ដោយបច្ចុប្បន្នមានគំរោងលំនៅដ្ឋានផ្ទះល្វែងជាច្រើន បាននិងកំពុងចាប់ផ្តើមសាងសង់។ជាមួយគ្នានេះ មានបុរីធំៗជាច្រើនទៀត បាននិងកំពុងរៀបចំខ្លួនឆ្ពោះទៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជំវិញនោះ ដោយសារការសាយភាយនៃការរីកចម្រើន ចេញពីទីក្រុង ពិសេសតម្លៃដីនៅក្នុងទីក្រុងមានកំនើនខ្ពស់ ដែលពិបាកក្នុងការយកមកសាងសង់លំនៅដ្ឋានសំរាប់លក់។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា នាពេលអនាគតឆាប់ៗខាងមុខនេះ តំបន់ភ្នំប្រសិទ្ឋនិងតំបន់ជុំវិញនោះនឹងមានការរីកចម្រើនលឿន ដោយសារតំបន់នេះមានទីតាំងកៀកនឹងតំបន់ពាណិជ្ជកម្មរបស់ក្រុង ដោយគេចំណាយពេលត្រឹម១៥នាទីប៉ុណ្ណោះអាចធ្វើដំណើរមកដល់ផ្សារទំនើប EAON MALL2 និងផ្សារទំនើបនានានៅតំបន់នេះ។ លោកបន្តថា ការរីកចម្រើននៃទីក្រុង ធ្វើឲ្យប្រជាជនមានអារម្មណ៍ស្មុគស្មាញច្រើន ហេតុនេះប្រជាជនត្រូវការរកទីតាំងស្ងប់ស្ងាត់ មានទេសភាពស្អាត និងខ្យល់អាកាសបរិសុទ្ឋ ហេតុនេះតំបន់រមណីយដ្ឋានភ្នំប្រសិទ្ឋ និងភ្នំរាប ជាកន្លែងស័ក្តិសមបំផុត។

លោកបន្តថា “តំបន់នេះនឹងមានការរីកចម្រើនលឿន ដោយសារមានសណ្ឋានដីល្អប្រសើរ មានលក្ខខ័ណ្ឌអាកាសធាតុអំណោយផល និងទីតាំងនៅកៀកនឹងទីក្រុង ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង តភ្ជាប់ទៅកាន់បណ្តាផ្លូវជាតិសំខាន់ៗដទៃទៀត”។លោកបន្តថា “ខ្ញុំជឿថារយៈពេល៣ទៅ៥ឆ្នាំខាងមុខ តំបន់ភ្នំប្រសិទ្ឋនិងតាមបណ្តោយផ្លូវជាតិលេខ៥ នឹងមានការរីកចម្រើនលឿន ហើយឥទ្ឋិពលនៃការរីកចម្រើននេះ នឹងធ្វើឲ្យរាជធានីភ្នំពេញ តភ្ជាប់ជាមួយទីរួមស្រុកឧត្តុងជាស្វ័យប្រវត្តិ”៕