ដោយ: គង់ លាងហួរ
ភ្នំពេញ: ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិស័យទេសចរណ៍ឆ្លងដែននៅតំបន់អាស៊ាននៅតែជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រទេសជិតខាងក្នុងការជំរុញវិស័យទេសចរណ៍។
ជាក់ស្តែង បើទោះបីជាមានការព្រួយបារម្មណ៍អំពីបញ្ហាសន្តិសុខរវាងកម្ពុជា និងថៃនាពេលថ្មីៗនេះយ៉ាងណាក្តី ប៉ុន្តែក្រុមមន្ត្រីនៃប្រទេសទាំង២ នៅតែបន្តផ្តោតលើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ។
លោកស្រី Dee Suvimol Thanasarakij នាយិកាប្រតិបត្តិនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជាមិនរងផលប៉ះពាល់ ដោយសារភាពតានតឹងផ្នែកនយោបាយនោះទេ។
-->
លោកស្រីបានបន្តថា “រដ្ឋាភិបាលនៃប្រទេសទាំង២មិនមានបញ្ហាអ្វីទេនៅពេលនិយាយដល់កិច្ចសហការផ្នែកទេសចរណ៍”។ ក្នុងន័យនេះ លោកស្រីបានគូសបញ្ជាក់ថា ក្រុមអ្នកជំនាញទេសចរណ៍ផ្តោតតែលើការសម្រួលដល់ការធ្វើដំណើរឆ្លងដែនតែប៉ុណ្ណោះ។

ការបង្កើតផ្លូវធ្វើដំណើរប្រកបដោយភាពច្នៃប្រឌិត ដែលលាតសន្ធឹងលើបណ្តាប្រទេសជាច្រើនជាប់ដងទន្លេមេគង្គជាផ្នែកមួយយ៉ាងសំខាន់នៃយុទ្ធសាស្ត្រទេសចរណ៍ក្នុងតំបន់។
ផែនការគំនិតផ្តួចផ្តើមទេសចរណ៍ GMS ឆ្នាំ២០៣០ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម នឹងបង្កើតផ្លូវទេសចរណ៍ថ្មី ដើម្បីលើកកម្ពស់ការធ្វើដំណើរឆ្លងដែន ដោយផ្តោតលើ វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងសហគមន៍។
ជាមួយគ្នានេះ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានអះអាងថា តាមរយៈផ្លូវទស្សនាមេគង្គ (Mekong Discovery Trail) អ្នកធ្វើដំណើរអាចគយគន់សម្រស់ធម្មជាតិ និងស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់ចាប់ពីខេត្តរតនគិរី របស់ប្រទេសកម្ពុជា រហូតដល់ប្រទេសឡាវ និងប្រទេសថៃ។
លោក ជួប រតនា បានបន្ថែមថា “យើងកំពុងធ្វើការលើការផ្សារភ្ជាប់ភ្ញៀវទេសចរណ៍ទៅកាន់សហគមន៍មូលដ្ឋាន តាមរយៈបទពិសោធន៍ដ៏អស្ចារ្យដូចជា ការជិះទូកកៃយ៉ាក់ និងសកម្មភាពទេសចរណ៍ធម្មជាតិ ដើម្បីធានាថា ការអភិវឌ្ឍន៍ទេសចរណ៍មាននិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជនបទ”៕ប្រភព: The Nation៕
