អ្នក​វិនិយោគ​ចិន​នឹង​ធ្វើឲ្យ​ក្រុង​បាវិត​ក្លាយ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ធំ​មួយ​នា​ពេល​អនាគត​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​ភាព​អំណោយផល​នៃ​ទីតាំង​ភូមិ​សាស្រ្ត​ ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ ​បាន​និង​កំពុង​ជំរុញ​ឲ្យ​ក្រុង​បាវិត​ក្លាយជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នា​ពេល​អនាគត​។​

​ការប្រកាស​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​របស់​ប្រមុខ​រដ្ឋាភិបាល​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កំពុង​ពេល​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី២២​ ​មិនា​កន្លងមក​នេះ​ ​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​អនុវត្តន៍​គោលនយោបាយ​កសាង​ព្រំដែន​សន្តិភាព​ ​មិត្តភាព​ ​និង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កាន់តែ​ពេញលេញ​។​

​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Century21​ ​Fortuna​ ​Investment​ ​លោក​ ​វ៉ា​ ​វីរៈ​ ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​គឺជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​ ​របស់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ​បន្ទាប់ពី​ខេត្ត​ជាប់​តំបន់​សមុទ្រ​ដូចជា​ក្រុង​ព្រះសីហនុ​ ​កំពត​ ​កែប​ ​និង​កោះកុង​ ​ព្រោះ​ខេត្ត​មួយ​នេះ​គឺជា​ច្រកព្រំដែន​អន្តរជាតិ​ ​ដែល​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​។​

​លោក​បន្ត​ថា​ ​“​ក្រុង​បាវិត​ពេលនេះ​ ​កំពុងតែ​កែប្រែ​មុខមាត់​យ៉ាង​ល្អ​ប្រសើរ​ជាមួយនឹង​សកម្មភាព​ដ៏​រស់រវើក​នៃ​ ​វិស័យ​ពាណិជ្ជកម្ម​ ​និង​សំណង់​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​មនុស្ស​ដែល​ចូល​ទៅ​រស់នៅ​ ​និង​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ​ដូច​ជា​ឧស្ស​ហក​ម្ម​ ​រោងចក្រ​ ​និង​កាស៊ីណូ​នៅក្នុង​ក្រុង​មួយ​នេះ​”​។​

​លោក​វីរៈ​បាន​បន្ត​ថា​ ​“​ដោយសារតែ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​កើនឡើង​ ​បាន​ជំរុញ​ឱ្យ​តម្រូវការ​នៃ​វិស័យ​អចលនទ្រព្យ​ ​នៅ​ទីក្រុង​នេះ​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​ ​ដោយសារតែ​អ្នក​វិនិយោគ​បាន​ចំណាយ​ទុន​សាងសង់​ជា​ផ្ទះល្វែង​ ​ជា​បុរី​ ​ឬ​ជា​សណ្ឋាគារ​ជាដើម​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ស្នាក់នៅ​បណ្តា​បុគ្គលិក​ ​ដែល​បម្រើការ​ងារ​ ​ក៏ដូចជា​ចំនួន​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​សកម្មភាព​ទាំងនេះ​ហើយ​ ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​បាវិត​ ​ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជាប់​ជាយក្រុង​មានការ​កើនឡើង​ខ្លាំង​”​។​

​រដ្ឋាភិបាល​បាន​ដាក់​ក្រុង​បាវិត​ ​ជាទី​ក្រុង​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ពិសេស​មួយ​ ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​។​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ធី​ ​បាន​លើកឡើង​ថា​ ​បាវិត​ពេលនេះ​ក៏ដូចជា​ថ្ងៃខាងមុខ​ ​គឺ​នៅតែ​មាន​សក្ដានុពល​លើ​វិស័យ​ពាណិជ្ជកម្ម​មិនចាញ់​ក្រុង​ប៉ោយប៉ែត​នោះ​ទេ​ ​។​ ​លោក​ថា​ ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ​និង​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ​ព្រោះ​ខេត្ត​នេះ​ជា​ច្រក​ទ្វារ​អន្តរជាតិ​ ​មាន​សារសំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ​ហើយក៏​មាន​ដង់ស៊ីតេ​ប្រជាជន​រស​នៅ​ខ្ពស់​។​

​លោក​បន្ត​ថា​ ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​ ​មាន​ភាព​ខុសប្លែក​ពីគ្នា​ដែល​វា​អាស្រ័យ​ទៅលើ​ទីតាំង​នៃ​តំបន់​ ​ស្ថានភាព​ផ្លូវ​ ​និង​​​តំបន់​ប្រជាសាស្ត្រ​រស់នៅ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ជាប់នឹង​ផ្លូវ​ធំ​ ​ឬនៅ​ក្បែរ​​កាស៊ីណូ​ ​អាច​មានតម្លៃ​ក្នុង​ចន្លោះ១០០០ទៅ២០០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ឬ​អាច​លើស​ពីនេះ​នៅ​តំបន់​ខ្លះ​។​ ​ប៉ុន្តែ​បើ​នៅ​ផ្លូវ​អាច​មានតម្លៃ​ក្នុង​ចន្លោះ៤០០​ ​ទៅ៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ​ហើយ​បើ​ចុះពី​ផ្លូវជាតិ​ ​ឬ​ឆ្ងាយ​ពី​ផ្លូវ​ធំ​ប្រមា​ន​១​គីឡូ​ម៉ែត្រ​ ​អាច​មានតម្លៃ១០០​-​២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​បើ​ឆ្ងាយ​ជាង​នេះ​ ​តម្លៃ​ក៏​កាន់តែ​ចុះទៅ​តាម​ស្ថានភាព​នៃ​ទីតាំង​ដី​។​

​លោក​បន្ត​ថា​ ​“​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ជា​តំបន់​មួយ​ដែល​មាន​ភាពល្អ​ប្រសើរ​ ​និង​សមស្រប​ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ​ព្រោះ​តំបន់​មាន​កំណើនប្រជាជន​ច្រើន​ ​ជាប់​ជាប្រចាំ​”​។​

​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អគ្គនាយក​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ប្រទេស​ចិន​ ​បាន​សន្យា​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​នា​ពេល​ខាងមុខនេះ​ ​ខណៈ​ផ្លូវ​នេះ​បាន​សិក្សា​រួចហើយ​ដោយ​អ្នកជំនាញ​ ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ​(​JICA​)​ ​ដែល​ការសាងសង់​ផ្លូវ​នេះ​ ​គ្រោង​ចំណាយ​ថវិកា​រហូតដល់៣៨០០លាន​ដុល្លារ​អាមេរិក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here