ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានណែនាំដល់រដ្ឋបាលខេត្តទាំង៤ នៃភាគឦសាន កំណត់ឲ្យច្បាស់អំពី តំបន់ឧស្សាហកម្ម និងតំបន់ទេសចរណ៍។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តទាំង៤ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវរៀបចំបែងចែកទីតាំងឲ្យបានច្បាស់ ដើម្បីអភិវឌ្ឍន៍សក្ដានុពលក្នុងតំបន់នៃខេត្តទាំងនោះ។
-->
សម្ដេចបវរធិបតីបានបញ្ជាក់ថា“ខ្ញុំឲ្យខេត្តទាំង៤ ជាពិសេសខេត្តដែលមានធនធានធម្មជាតិ ខេត្តមណ្ឌលគិរី សក្ដានុពល សូមឲ្យធ្វើការគិតគូរពី zoning ឲ្យបានស្រួលបួលផង ដើម្បីយើងថែរកន្លែងណាដែលជាតំបន់ឧស្សាហកម្ម កន្លែងណាដែលជាតំបន់អ្វី យើងត្រៀមឲ្យហើយទៅ កុំយករោងចក្រទៅដាក់នៅលើភ្នំ […] កន្លែងណាទុកឲ្យជាតំបន់ទេសចរណ៏ ធម្មជាតិ និងតំបន់ឧស្សាហកម្មមួយកន្លែង”។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្រសួងដែនដីនគររូបនីយកម្ម ត្រូវគិតគូរសំខាន់បំផុតទៅលើផែនទីប្រើប្រាស់ដី រៀបចំ និងពន្លឿនកិច្ចការទាំងអស់នេះ ដោយផ្ដោតលើលក្ខណៈ Master Plan។
ជាមួយគ្នានេះ ខេត្តមណ្ឌលគិរី ដែលសម្បូរតំបន់ទេសចរណ៍ធម្មជាតិនោះ បើមិនបានគិតគូរទុកជាមុន នឹងក្លាយទៅជាតំបន់ដែលលាយយឡំគ្នាជាមួយធម្មជាតិ រោងចក្រ សហគ្រាសជាដើម។
សម្ដេចមហាបវរធិបតីបានឲ្យដឹងទៀតថា ខេត្តភាគឦសានទាំង៤នេះ ត្រូវជម្រុញពហុវិស័យ និងផ្ដោតសំខាន់ទៅលើសក្ដានុពលអាទិភាពទាំង៣ រួមមាន៖ កសិឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីទាញផលប្រយោជន៍ អភិវឌ្ឍន៍ខេត្តទាំង៤នេះ។
លើកទឹកចិត្តទាំងអ្នកក្នុងស្រុក និងបរទេស

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តថា ររៀបចំនេះឡើងគឺឆ្លើយតបនឹងអ្វីដែលជាការចង់បាន ចង់ឃើញរបស់ប្រជាពលរដ្ឋ ហើយយើងបានពង្រឹងខ្លួនឯងដើម្បីយើងដើរទៅមុខ រត់ទៅមុខឱ្យលឿនខ្លួនឯង តាមរយៈការទាញចូលនៅវិនិយោគ ក៏ដូចជាការបង្កើនសកម្មភាព វិនិយោគនៅនឹងកន្លែង។
ជាមួយនឹងកម្មវិធីលើកទឹកចិត្ត សម្រាប់ការវិនិយោគនៅខេត្តភាគឦសាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា ការលើកលែងនិងអនុគ្រោះទាំងអស់នេះមិនមែនសំដៅទៅលើតែវិនិយោគិនពីក្រៅប្រទេសនោះទេ វិនិយោគិនក្នុងប្រទេសក៏យើងលើកឱ្យដូចគ្នា ហើយក៏មិនសំដៅតែវិនិយោគពីក្រៅខេត្តដែរ វិនិយោគិនក្នុងខេត្តក៏យើងកាន់តែលើកទឹកចិត្តទៅទៀត”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើអ្នកក្នុងខេត្តទាំង៤នេះ ត្រូវការបើករមណីយដ្ឋាន រោងចក្រ ឫកន្លែងកសិកម្ម សូមធ្វើ(វិនិយោគ) រាជរដ្ឋាភិបាលនឹងជួយដល់វិនិយោគិនទាំងអស់ ហើយសំខាន់បំផុតរាជរដ្ឋាភិបាល បានដាក់ចេញនូវទុនថវិកា សម្រាប់កម្ចី ក្នុងអត្រាការប្រាក់ដែលទាបនោះ គឺសម្រាប់ផ្តោតខ្លាំងទៅលើវិនិយោគិនក្នុងស្រុកនេះតែម្តង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការវិនិយោគ គឺយើងចង់ជំរុញលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដូចនេះខេត្តទាំង៤ ជាពិសេសខេត្តដែលមានសក្តានុពលធនធានធម្មជាតិ សូមធ្វើការគិតគូរពីឱ្យបានច្បាស់លាស់ កំណត់ឱ្យច្បាស់ថា កន្លែងណាជាតំបន់ឧស្សាហកម្ម កន្លែងណាជាកន្លែងទេសចរណ៍ យើងគួរត្រៀមឱ្យបានរួចរាល់ជាមុន៕
