អ្នកជំនាញ​បង្ហាញ​ពី​វិធី​សាស្រ្ត​ប្រមូល​​ទុន​​យក​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​មាន​មនុស្សជា​ច្រើន​តែង​លើកឡើង​ថា​ ​បើ​ចង់​ធ្វើជំនួញ​ឬ​រកស៊ី​ធំ​ដំ​ត្រូវតែ​ ​មាន​ដើមទុន​ច្រើន​ ​ធ្វើជា​បង្អែក​ទើប​អាច​ដំណើរការ​បាន​។​ ​ប៉ុន្តែ​សម្រាប់​គំនិត​របស់​លោក​បណ្ឌិត​គួយ​ ​ធា​វី​ ​ដែល​ជា​សាស្ត្រា​ចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​និ​យោ​បាយ​បាន​អះអាង​ថា​ ​ទោះជា​មាន​ដើមទុន​តិច​ ​ឬ​គ្មាន​ដើមទុន​ក៏ដោយ​ ​ប្រសើ​នបើ​ចង់​ធ្វើជំនួញ​ធំ​ ​ឬ​រកស៊ី​ធំ​ ​គឺ​នៅតែ​អាច​ធ្វើ​ទៅ​បានឱ្យ​តែ​មានគំនិត​ ​និង​ការ​ព្យាយាម​។​

​លោក​បណ្ឌិត​ ​គួយ​ ​ធា​វី​ ​បាន​មានប្រសាសន៍​ថា​ ​គំនិត​ ​និង​ការ​គិត​ប្រកបដោយ​ត្រឹមត្រូវ​ ​និង​វិជ្ជមាន​ ​គឺជា​ប្រភព​ដើមទុន​ដ៏​ធំ​ ​និង​សំខាន់​បំផុត​ក្នុង​ការ​ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​នៅក្នុង​កា​រប្រ​កម​មុខ​ជំនួញ​។​ ​

លោក​បាន​បញ្ជាក់​ថា​ ​ឧទាហរណ៍​ ​ប្រសិនបើ​ខ្ញុំ​មាន​លុយ​ត្រឹមតែ១,០០០ដុល្លារ​ ​ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើការ​វិនិយោគ​ទៅលើ​ដី​ ​ដែល​មានតម្លៃ​រហូតដល់​ ​១០,០០០ដុល្លារ​ ​នឹង​ធ្វើ​ឱ្យ​កើត​ចេញ​ជា​សំណួរ​ថា​ ​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងណា​ទើប​អាច​ទិញ​ដី​នោះ​បាន​?​ ​គ្មានអ្វី​ដែល​យើង​មិន​អាច​សម្រេច​បាន​នោះ​ឡើយ​។​ ​ប៉ុន្តែ​យើង​ត្រូវ​រិះរក​មធ្យោបាយ​ ​ដោយ​បំបែកចេញ​ពីដើម​ទុន​ចម្បង​របស់​យើង​។​ ​ហេតុនេះ​យើង​ត្រូវ​ស្វែងរក​ដៃគូ​វិនិយោគ​រួមគ្នា​ឱ្យ​បាន​ច្រើន​ដើម្បី​សម្រេច​ផែនការ​។​ ​

​លោក​បន្ត​ថា​ ​“​នៅពេល​ខ្ញុំ​មានដៃ​គូ១០នាក់​ ​ដោយ​ម្នាក់​បោះទុន​ ​១,០០០ដុល្លារ​ ​ដូច្នេះ​ចំនួន​ទុន​សរុប​បាន​ឡើង​រហូតដល់​ចំនួន​ ​១០,០០០ដុល្លារ​ ​ដែល​អាច​សម្រេច​ផែនការ​វិនិយោគ​ដី​បាន​ជាស្ថាពរ​”​។​ ​លោក​បន្ត​ថា​ ​“​ក្រោយពេល​ទិញ​ដី​បាន​ ​លក់​ចេញទៅ​វិញ​បាន​ចំណេញ​ ​នឹង​ធ្វើឲ្យ​ទុន​របស់ខ្ញុំ​បាន​កើន​ ​ហើយ​ខ្ញុំ​អាច​អនុវត្ត​នូវ​វិធី​នេះ​ដដែល​ជា​ដដែល​ ​រហូត​មាន​ទុន​សរុប​ចំនួន​ច្រើន​ ​ដែល​អាច​ធ្វើការ​វិនិយោគឯកជន​តែម្នាក់ឯង​បាន​»​។​ ​

​លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ ​ខ្ញុំ​សុំ​លើក​វិធីសាស្ត្រ​មួយទៀត​មក​បង្ហាញ​ ​ដែល​វា​ជា​ក្បួន​បង្កើន​ទុន​ពី​តិច​ទៅ​ច្រើន​ ​ធ្វើ​ពីតូច​ទៅ​ធំ​ ​ដែល​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​អាច​មានលទ្ធភាព​ធ្វើ​បាន​។​ ​សព្វថ្ងៃ​នេះ​មាន​កំពូល​មហាសេដ្ឋី​ប្រចាំ​កម្ពុជា​មួយ​រូប​ ​ដែល​បាន​អភិវឌ្ឍន៍​ខ្លួន​ពីក្មេង​ដើរ​លក់​កាសែត​នៅ​តាម​តុ​គុយទាវ​ ​(​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​)​ ​ហើយ​ម្នាក់ទៀត​ជាកំពូល​អ្នក​សម្បូរ​ទ្រព្យ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​អភិវឌ្ឍ​ខ្លួន​ចេញពី​ការ​ចិញ្ចឹម​ជ្រូក​តែមួយ​ក្បាល​ ​(​ឧកញ៉ា​ ​លី​ ​ហួរ​)​។​ ​និយាយ​ត្រឹមតែ​ការ​ចិញ្​ចឹក​ជ្រូក​ ​សព្វថ្ងៃ​នេះ​តម្រូវការ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​មាន​វិសាលភាព​ធំ​ទូលាយ​ ​ដែល​ត្រូវ​នាំចូល​មក​ពី​ប្រទេសជិតខាង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​។​

​លោក​បន្ត​ថា​ ​“​ចង់​ធ្វើមុខ​ជំនួញ​ធំ​ ​យើង​ត្រូវ​ព្យាយាម​ចាប់ផ្តើម​ពីតូច​ឡើង​ទៅ​រហូតដល់​បានសម្រេច​គោលដៅ​ធំ​ ​ថ្វីត្បិតតែ​វា​ត្រូវការ​ចំណាយពេល​យូរ​ ​ប៉ុន្តែ​វា​មិនសូវ​ជួប​ហា​នី​ភ័យ​នោះ​ទេ​”​។​ ​លោក​បន្ត​ថា​ ​“​នេះ​គ្រាន់តែ​ជា​ការ​លើក​ឧទាហរណ៍​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​គោលគំនិត​ចម្បង​គឺ​ការដែល​ចេះ​អត់ធ្មត់​ ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដោយ​ផ្តើម​ចេញពី​ការ​គិត​ ​ការ​ចាប់ផ្តើម​អនុវត្ត​ ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​អត់ធ្មត់​ជា​សំខាន់​”​។​ ​

​លោក​បណ្ឌិត​ ​គួយ​ ​ធា​វី​ ​បាន​បន្ត​ថា​ ​នៅ​លើ​សាកលលោក​ក្នុង​សង្គម​អ្នកជំនួញ​គ្មាន​អ្នកណា​ម្នាក់​ដែល​និយាយ​ថា​ ​មិន​ស្គាល់​លោក​ ​Donald​ ​J​ ​Trump​ ​នោះ​ទេ​ ​។​ ​គាត់​ក៏​ផ្តើម​ចេញពី​អ្នកជំនួញ​តូច​ឡើង​ទៅ​ដែរ​ ​ដោយ​ដំបូង​គាត់​ខ្វះ​ទុន​ ​ហើយ​ទៅ​ខ្ចីបុល​ធនាគារ​ ​គឺ​គ្មាន​ធនាគារ​ណាមួយ​ផ្តល់​កម្ចី​ដល់​គាត់​នោះ​ទេ​ ​ដោយសារតែ​ធនាគារ​សម្លឹងឃើញ​មុខ​ជំនួញ​របស់​ ​ត្រាំ​តូចតាច​ ​។​ ​ប៉ុន្តែ​ក្រោយពេល​ ​ត្រាំ​ ​ជោគជ័យ​លើ​មុខ​ជំនួញ​របស់​គាត់​ជាបន្តបន្ទាប់​ ​គឺ​មាន​ធនាគារ​ជាច្រើន​ព្យាយាម​សុំ​ផ្តល់​កម្ចី​ទៅ​ឱ្យ​ត្រាំ​វិញ​ ​។​ ​

​លោក​បន្ថែម​ថា​ ​“​នេះ​ចង់​មានន័យថា​ ​ភាព​ជោគជ័យ​នៃ​មុខ​ជំនួញ​ ​គឺ​សុទ្ធតែ​តម្រូវ​ឱ្យ​មានការ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​តូច​ឡើង​ទៅ​ ​និង​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ទាំងអស់​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here