ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group បានបោះទុន៤ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគនៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំដែលបានចាប់ផ្តើមពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩នេះ។
លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីពេលថ្មីៗនេះថា ជាការពិតណាស់ វត្តមានរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺកើតចេញពីគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ របស់ចិន ដែលបានបើកឱកាស និងលើកទឹក ចិត្តឱ្យមានការវិនិយោគជាច្រើនពីវិនិយោគិនចិន មកកាន់ប្រទេសកម្ពុជា។ វត្តមានជាង៤ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត គ្រុប បានពង្រីកក្រុមហ៊ុនជាបុត្រ សម្ព័ន្ធរបស់ខ្លួនរហូតដល់៣០ក្រុមហ៊ុន និងបានពង្រីកទំហំវិនិយោគកើនដល់៤ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៩នេះ។
-->
លោកបានបញ្ជាក់ថា “ការរសម្រេចបោះទុនវិនិយោគ លើគម្រោងអចលនទ្រព្យក្នុងប្រទេសកម្ពុជានេះ ដោយសារក្រុមហ៊ុនបានមើលឃើញពីការរីកចម្រើនយ៉ាងលឿន នៃកំណើតសេដ្ឋកិច្ចរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់”។ លោកបន្តថា “វិស័យសំណង់ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះ ក៏កំពុងទាមទារឱ្យមានការបំពេញបន្ថែមឱ្យបានច្រើនផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ”។
រយៈពេលជាង៤ឆ្នាំរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន បានបោះទុនវិនិយោគសរុបប្រមាណជាង៤ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយ ក្នុងនោះ គម្រោងធំៗចំនួនបី បាននឹងកំពុងលេចជារូបរាងបណ្ដើរៗហើយក្នុង រាជធានីភ្នំពេញ និងបីគម្រោងធំៗទៀត ក៏បាននឹងកំពុងវិនិយោគនៅខេត្តព្រះសីហនុផងដែរ។
លោកលី មីនបានបន្ដទៀតថា ចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំបន្ទាប់ក្រុមហ៊ុននឹងបង្កើនទុនវិនិយោគឱ្យបាន២០ពាន់លានដុល្លារ បន្ថែមទៀតក្នុងឧស្សាហកម្មសំណង់ នៅកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបានប្រមូលទិញដីទុក សម្រាប់ធ្វើការវិនិយោគទាំងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ជាច្រើនទីតាំងផងដែរ។ បន្ថែមពីលើកនេះ លោកក៏លើកឡើងថា ក្រៅពីវិនិយោគនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ក៏បានបង្កើតជាមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋជួបការលំបាក នៅកម្ពុជា ផងដែរ ដោយអំណោយនោះ បានមកពីចំណែកលក់ខុនដូនៅកម្ពុជា។
លោកបណ្ឌិតសុក ស៊ីផាណា ទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកជំនាញផ្នែកច្បាប់ បានមានប្រសាសន៍ថា “គោលនយោបាយមួយនេះ ពិតជាបានជំរុញឱ្យ វិនិយោគិនចិន បាន បោះទុន ដោយផ្ទាល់មកកាន់ប្រទេសកម្ពុជា តួយ៉ាង ដូចជាមានការអភិវឌ្ឍយ៉ាងសម្បើមទៅ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល”។

ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយនេះ បាននាំឱ្យមានគម្រោងផ្លូវល្បឿនលឿនចម្ងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តព្រះសីហនុ មកកាន់ក្រុងភ្នំពេញ ខណៈការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅ ក្នុងខេត្តព្រះសីហនុកាន់តែមានកំណើនច្រើនឡើងៗ៕