រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការសិក្សារៀបចំគម្រោងប្លង់តំបន់អភិវឌ្ឍន៍ចំនួនពីរ

0

ដោយនៅ ស៊ីវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំគម្រោងប្លង់អភិវឌ្ឍន៍ចំនួនពីរ នៅរាជធានីភ្នំពេញ គឺតំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូង នៃកិច្ចសហប្រតិបត្តិការរដ្ឋបាលរាជធានីភ្នំពេញ-សាលាក្រុងប៉ារីស និងប្លង់អភិវឌ្ឍន៍របស់ក្រុមហ៊ុនING GROUP។

ក្នុងកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យមន្រ្តីជំនាញពាក់ព័ន្ធប្រមូលមតិយោបល់មកពិភាក្សា និងសិក្សាឱ្យបានល្អិតល្អន់ មុននិងដាក់បញ្ចូលទៅក្នុងគម្រោងកសាងផ្លូវសាធារណៈ និងប្រព័ន្ធធារាសាស្រ្តថ្មីៗនៃរាជធានីភ្នំពេញ។

លោកបានស្នើឱ្យមន្រ្តីបច្ចេកទេស រួមសហការគ្នា ជាមួយមន្រ្តីពាក់ព័ន្ធបន្តសិក្សា ពិគ្រោះយោបល់ឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់បន្ថែមទៀត ពិនិត្យទៅលើគម្រោងប្លង់ទាំងពីរថា តើមួយណាមានផលប៉ះពាល់តិចជាង ដើម្បីយកមកពិនិត្យជាថ្មី មុននឹងអនុវត្តគម្រោងអភិវឌ្ឍន៍មួយនេះឱ្យទទួលបានជោគជ័យ។

លោកអភិបាលថា“រាល់ការអភិវឌ្ឈជៀសមិនផុតពីការប៉ះពាល់ ប៉ុន្តែត្រូវកាត់បន្ថយនូវផលប៉ះពាល់ទាំងនោះ ឱ្យនៅតិចតួចបំផុតតាមតែអាចធ្វើទៅបាន មិនមានន័យថា មានផលបះពាល់មិនអភិវឌ្ឍន៍នោះទេ គឺត្រូវកែសម្រួល ឬកាត់តម្រឹមឱ្យមានតម្លាភាព ពោលគឺយកប្រយោជន៍ជាតិធំជាងប្រយោជន៍បុគ្គល”។

លោកក៏បានស្នើឱ្យមន្រ្តីពាក់ព័ន្ធគិតគូជាពិសេស ដោយពិនិត្យលទ្ធភាពរកទីតាំង ឱ្យបានត្រឹមត្រូវ បម្រុងទុកសម្រាប់កសាងទ្វារទឹក និងស្ថានីយ៍បូមទឹក ដើម្បីកុំឱ្យមានការជន់លិចនៅក្នុងតំបន់ទាំងនោះ នាពេលអនាគត តាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋភិបាល។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីបានមានប្រសាសន៍ថា ការសិក្សាលើផែនការនេះ ធ្វើឡើងដើម្បីបន្ស៊ីគ្នាជាមួយប្លង់គោលអភិវឌ្ឍន៍រាជធានីភ្នំពេញ ដែលការសិក្សានេះក៏រួមបញ្ចូលនៅតំបន់មួយចំនួននៅក្នុងគំរោងING ផងដែរ ព្រោះគំរោងទីក្រុងរណបING ក៏ស្ថិតនៅភាគខាងត្បូង។


ទោះជាយ៉ាងណាលោកមិនបញ្ជាក់នៅឡើយថា តើផែនការសិក្សានេះនឹងបញ្ចប់នៅពេលណា និងចំណាយថវិកាប៉ុន្មាននៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here