បើកចំហរជើងមេឃ! ក្រុមហ៊ុនAir Cambodiaគ្រោងនឹងធ្វើការហោះហើរត្រង់ទៅកាន់ប្រទេសជប៉ុន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) គ្រោងបើកប្រតិបត្តិការ​ហោះហើរ​រវាង​​​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ជា​មួយ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​កាន់សៃ(Kansai) នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន​ នាអំឡុង​​ត្រីមាស​ទី​៤ ឆ្នាំ​នេះ។

    ការប្រកាសនេះ ធ្វើឡើងបន្ទាប់​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ ​ផ្នែក​​អាកាសចរណ៍​​នៃប្រទេសទាំងពីរ​ បានឯកភាពតាម​ការស្នើសុំរបស់ក្រុមហ៊ុនរួចមក​​។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ​បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៩ មេសាថា បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ពី​ស្ថាប័នមានសមត្ថកិច្ច​ផ្លូវ​អាកាស ​នៃប្រទេស​ទាំង២ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​កន្លងមក ​ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាAir Cambodia គ្រោ​ង​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ហោះហើរ​របស់​ខ្លួន​ ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​តេជោ ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​កាន់សៃ​(Kansai)​ នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន។

ការហោះហើរនេះនឹងមានការ ​ឆ្លងកាត់ទី​ក្រុង​ហ្វូចូវ(Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH – ហ្វូចូវ/FOC – កាន់សៃ/KIX)។

តាម​គម្រោង​ គឺ​ប្រតិបត្តិការនេះ​នឹងធ្វើ​ឡើង​ចំនួន៤ជើងក្នុង ១​សប្តាហ៍ គឺថ្ងៃច័ន្ទ ពុធ សុក្រ និងអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A321។

លោកវុត្ថាបានបន្តថា “ប្រសិនបើគ្មានអ្វីប្រែប្រួល​ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា​​ អាចនឹងចាប់ផ្តើមដំណើរការប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ​របស់ខ្លួន នៅអំឡុង​ខែ​តុលា ឆ្នាំ២០២៥ ​ខាងមុខ”។

របាយការណ៍របស់ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជាទទួល​បាន​ភ្ញៀវ​បរទេស​សរុប៦,៧​លាន​នាក់ កើន​ឡើង ២២,៩​ ភាគរយ​បើធៀប​ឆ្នាំ​២០២៣ ក្នុង​នោះ​ជន​ជាតិ​ជប៉ុនមាន​ចំនួន​ ១១២,៧១៨​នាក់ កើន​ឡើង៣០,៤​ភាគ​រយ។

​លោក ស៊ីន ចាន់សិរីវុត្ថាបានឲ្យដឹងទៀតថា នៅ​ខែឧសភាខាង​មុខ ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) នឹង​ទទួល​បាន​យន្តហោះ​ថ្មី ប្រភេទ ATR 72-600 MSN 1716 ដែលបាន​​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​​បារាំង សម្រាប់មក​​បន្ថែម​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​​។

លោក​បាន​ប្រាប់​ទៀត​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​​​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) លោក ម៉ៅ ហាវណ្ណាល់ ក៏​នឹងត្រូវ​​ធ្វើ​​ដំណើរ​ទៅ​ប្រទេស​បារាំង នៅ​ខែ​ឧសភា ខាង​មុខផងដែរ​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុនATR លើ​ការ​ងារ​​ពង្រឹង​សុវត្ថិភាព ​នៃ​ការ​ប្រើ​ប្រាស់​អាកាសយាន​ប្រភេទ ATR និង​ចូល​រួម​កម្ម​វិធី​ប្រគល់ និង​ទទួល​យក​អាកាស​យាន​ប្រភេទ ATR 72-600 MSN 1716 នៅ​ទីក្រុង​ទូលូ(Toulouse) ប្រទេស​បារាំង​។​

ក្នុង​ឆ្នាំ​២០២៤ កន្លងមក​ប្រតិបត្តិការ​របស់Air Cambodia បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​នោះ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន បាន​កើន​ឡើងប្រមាណ២៩ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២៣។ សម្រាប់​ចំនួន​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ បានកើន​ឡើង​១៩​ភាគរយ និង​ការ​ដឹក​ជញ្ជូន​ទំនិញ កើន៤៩​ភាគរយ​។​

សម្រាប់​ឆ្នាំ​២០២៥នេះ ក្រុមហ៊ុន​បានព្យាករណ៍ថា ប្រាក់​ចំណូល​នឹង​អាច​កើនឡើង៤៣,៤​ភាគរយ ក្នុង​នោះ​អ្នក​ដំណើរ​​អាច​កើន​ឡើង ៤៩​ភាគរយ និង​ចំនួន​ជើងហោះហើរអាច​កើន២៩,៥​ភាគរយ​។

យោងតាមក្រុមហ៊ុន Air Cambodia បច្ចុប្បន្ន​ក្រៅ​ពី​គោលដៅ​ក្នុង​ស្រុក ក្រុមហ៊ុនកំពុង​មាន​ប្រតិបត្តិការ​ហោះហើរ ​ទៅ​កាន់​​ប្រទេស​ចំនួន៤ រួម​មាន ប្រទេសចិន(គ័ងចូវ, ស៊ិនចូវ, ណាននីង, ហុងកុង) ប្រទេស​វៀតណាម (ទីក្រុង​ហូជីមិញ, ដាណាង, ហាណូយ, ភូគុក) ថៃ(បាងកក) និង​ប្រទេស​ឥណ្ឌា(ញ៉ូដេលី)។

យោងតាមរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ទទួលបានជើងហោះហើរចំនួន១៧,៤៣៤ជើង កើន១៩ភាគរយ ក្នុងនោះអ្នក​ដំណើរ​ចំនួន១,៩៦០,៦៣៥នាក់ កើន១៩ភាគរយ និងទំនិញចេញ-ចូលជិត២ម៉ឺនតោន កើនឡើង១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាលកាលពីឆ្នាំមុន។

ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ជប៉ុន ក្នុង​ឆ្នាំ​២០២៤ មាន​ទឹក​ប្រាក់​សរុប​​២,១៦ ពាន់​លាន​ដុល្លារ កើន​ឡើង២០,១​ភាគរយបើ​​ធៀប​ឆ្នាំ​២០២៣ ​ក្នុង​នោះកម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន១,៤១ ពាន់​លាន​ដុល្លារ កើន​ឡើង១៩,៨​ភាគរយ។ ចំណែក​​ជប៉ុន​នាំ​ចូល ៧៥២ លាន​ដុល្លារ កើន​ឡើង ២០,៧​ភាគរយ​។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)៕

LEAVE A REPLY

Please enter your comment!
Please enter your name here