ដោយ ៖ រ៉ាណេត
ភ្នំពេញៈ តំបន់អ្នកលឿងក្រោយពេលតភ្ជាប់ស្ពាត្សឹបាសា បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ ដោយតម្លៃដីធ្លីបានកើនឡើងក្នុងកម្រិតមួយ ខណៈតំបន់ជុំវិញស្ពាននេះក្លាយជាតំបន់ដែលគេទៅហួស មកហួស ខុសពីតំបន់នេះកាលពីអតីតកាល ដែលអ្នកដំណើរត្រូវឆ្លងសាឡាង។
ប្រធានសមាគមនអ្នកជំនាញអ្នកចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី២០ ខែមេសា នេះថា តំបន់អ្នកលឿងពេលនេះ ខុសពីប្រមាណ៣ឆ្នាំមុន។ បច្ចុប្បន្នតំបន់នេះ មានការអភិវឌ្ឍច្រើន ទាំងផ្នែកសំណង់លំនៅដ្ឋាន និងតំបន់សេដ្ឋកិច្ចផងដែរ ជាក់ស្ដែងដូចជាមានកំពង់ផែរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ឃ្លាំងផ្ទុកទំនិញ រួមជាមួយគម្រោងអភិវឌ្ឍធំៗមួយចំនួនទៀតដែលនឹងលេចចេញជារូបរាងក្នុងពេលខាងមុខនេះ។
-->
លោកបន្តទៀតថា បើយើងគិតចាប់ពីចំណូចគល់ស្ពានអ្នកលឿង ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ១ ឆ្ពោះមកកាន់រាជធានីភ្នំពេញ គឺមានភាពល្អប្រសើរជាងកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែនៅតំបន់នេះមានមណ្ឌលពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍធំជាច្រើន ដែលស្ថិតនៅក្នុងប្លងគោលអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
លោកបន្តថា “ដោយសារតែភាពល្អប្រសើរទាំងនេះ បច្ចុប្បន្នបានជំរុញឱ្យមានតម្រូវការ និងតម្លៃដីធ្លីនៅទីនេះមានការកើនឡើង ដែលដីស្ថិតនៅជាប់ផ្លូវជាតិលេខ១ អាចមានតម្លៃចាប់ពី១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះនៅតំបន់ដែលមានលំនៅដ្ឋានច្រើន”។លោកបន្តថា “ដោយឡែកដីដែលស្ថិតនៅឆ្ងាយពីផ្លូវជាតិលេខ១ គឺនៅមានតម្លៃទាប ដែលភាគច្រលនជាប្រភេទដីលិចទឹក ឬជាប្រភេទដីបឹង ហើយម្ខាងទៀតជាតំបន់ជាប់ជ្រាំងមាត់ទន្លេ ដែលមិនសូវមានតម្រូវការនោះទេ”។
អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកជំនាញផ្នែកវិស័យអចលនទ្រព្យបានមានប្រសាសន៍ឱ្យដឹងផងដែរថា តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ១ នឹងមានភាពកាន់តែល្អប្រសើរ មិនចាញ់តំបន់ឯទៀត ដែលស្ថិតនៅជាប់ជាយក្រុងរាជធានីភ្នំពេញនោះឡើយ ខណៈបច្ចុប្បន្នកំពុងមានសក្ដានុពល និងភាពទាក់ទាញច្រើន ដែលផ្តល់ឱកាសដ៏ល្អ សម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ ជាពិសេស តំបន់ស្រុកកៀនស្វាយ និងស្រុកលើកដែក។
លោកឧកញ៉ាបានបន្តទៀតថា ហេតុផលដែលបណ្តាលឱ្យដីនៅតំបន់នេះ មានភាពទាក់ទាញ ក៏ព្រោះនៅតំបន់នេះ នឹងមានការអភិវឌ្ឍយ៉ាងលឿននាពេលអនាគត ដែលអាចនិយាយបានថា ជាតំបន់ពហុអភិវឌ្ឍ មានកំពង់ផែអន្តរជាតិ មានរោងចក្រ ជាតំបន់តភ្ជាប់ព្រុំដែនកម្ពុជា-វៀតណាម មានតំបន់កម្សាន្តកែច្នៃដ៏ធំ ជាពិសេសស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាភាពទាក់ទាញយ៉ាងសម្រាប់សម្រាប់អ្នកអភិវឌ្ឍ។
បន្ថែមពីនេះ សាលារាជធានីភ្នំពេញ ក៏បានបង្ហាញពីគម្រោងផ្លាស់ប្ដូររោងចក្រ និងឃ្លាំងស្តុកទំនិញនានា ចេញពីរាជធានីទៅតាំងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សរុបទៅវាមានភាពល្អប្រសើរច្រើន ដែលអាចនឹងរីកចម្រើនខ្លាំងជាងតំបន់នានាដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ៕