ដោយស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលទីផ្សារដីឡូត៍កំពុងពុះកញ្រ្ជោលដូចពពុះសាប៊ូ និងការវិនិយោគ ដីឡូត៍បានរីករាលដាលស្ទើរគ្រប់រាជធានី ខេត្ត ការទិញដីឡូត៍ដើម្បីទទួលបានផលចំណេញជារឿងដែលមនុស្សគ្រប់គ្នាតែងតែចង់បាន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគដីឡូត៍កំពុងមានភាពពុះកញ្រ្ជោល ហេតុនេះបើចង់ទិញដីឡូត៍ ដើម្បីទទួលបានផលចំណេញ អ្នកវិនិយោញតូចៗមួយចំនួន គួរមានវិធីសាស្រ្តច្បាស់លាស់ ដោយធ្វើយ៉ាងណាឲ្យបានជួបជាមួយម្ចាស់គំរោង មុនពេលគំរោងដីឡូត៍ណាមួយប្រកាសលក់។
-->
លោកបន្តថា “នៅពេលយើងជួបជាមួយអ្នកវិនិយោគ មុនពេលគេប្រកាសលក់ជាផ្លូវការ យើងអាចកាត់យកដី៥ទៅ១០ឡូត៍ ឬ២០ឡូត៍ក្នុងតម្លៃទាបមួយ(អាស្រ័យលើការចចា) ដើម្បីទុកលក់ចេញនៅពេលគំរោងចាប់ផ្តើមលក់”។លោកបន្តថា “ដីឡូត៍ដែលយើងកក់ គួរជាដីដែលស្ថិតនៅផ្លូវមុខ មានទីតាំងល្អ ដែលជាទីតាំងទទួលការចាប់អារម្មណ៍ពីអ្នកទិញ”។
ជាមួយគ្នានេះ លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ដីឡូត៍នៅតែមានឪកាសរីកចម្រើន ព្រោះវាផ្តល់ជម្រើសច្រើនដល់ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមអាចមានលទ្ឋភាពទិញបាន សំរាប់សាងសង់ផ្ទះនាពេលអនាគត។លោកបន្តថា ទោះជាយ៉ាងណា អ្នកវិនិយោគដីឡូត៍គួរតែកាត់ដីឲ្យបានធំ រៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានល្អ និងផ្តោតលើភាពបៃតងជាពិសេស ដើម្បីឲ្យសហគមន៍ប្រជាពលរដ្ឋរស់នៅមានផាសុខភាព។
លោកបន្តថា “ទីផ្សារដីឡូត៍ និងការទិញដីឡូត៍នៅតែមានឳកាសរីកចម្រើន និងទទួលបានផលចំណេញ អាស្រ័យលើទីតាំងដែលអ្នកទិញជ្រើសរើស និងអាស្រ័យលើធនធានរបស់ពួកគេ”៕