ដោយ រ៉ាណេត
ភ្នំពេញ៖ មហាវិថីព្រះសីហនុដែលគិតចាប់ពីត្រឹមម្តុំអាងទឹកអូឡាំពិក រហូតមកដល់ចំណុចបំបែកផ្លូវសុធារស់ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា គឺជាផ្លូវដ៏សំខាន់មួយ និងមានតម្លៃអចលនទ្រព្យខ្ពស់ មិនចាញ់មហាវិថីអាជីវកម្មចម្រុះដទៃទៀត នៅក្នុងរាជធានីភ្នំពេញនោះឡើយ ហើយក្នុងនោះមានផ្ទះល្វែងខ្លះ អាចមានតម្លៃរហូតដល់ជាង១លានដុល្លារក៏មានដែរ។
នៅក្នុងរាជធានីភ្នំពេញ ចំពោះមហាវិថី និងផ្លូវសំខាន់ៗមួយចំនួនដែលត្រូវបានអ្នកជំនាញ ក៏ដូចជាបណ្តាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ចាត់ទុកថាជាផ្លូវមេផ្នែកអាជីវកម្មរួមមានដូចជា ផ្លូវកម្ពុជាក្រោម ផ្លូវព្រះមុនីវង្ស ផ្លូវម៉ៅសេទុង មហាវិថីព្រះនរោត្តម រួមជាមួយនឹងផ្លូវហ្សាឌឺហ្គោល នោះ សម្រាប់មហាវិថីព្រះសីហនុ ក៏ជាផ្លូវមួយដែលស្ថិតនៅក្នុងចំណោមផ្លូវសំខាន់ៗទាំងអស់ខាងលើនេះផងដែរ។
-->
នាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រីតាំង ហួរបានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទកាលពីរសៀលថ្ងៃទី២២ ខែមេសានេះថា ចំពោះមហាវិថីព្រះសីហនុ ក៏ត្រូវបានចាត់ជាផ្លូវដែលមានសក្ដានុពល ក្នុងការប្រកបអាជីវកម្មចម្រុះផងដែរ ហើយនៅតាមបណ្តោយផ្លូវមួយខ្សែនេះក៏មិនសូវមានដីធំៗ និងទំនេរសម្រាប់ធ្វើការអភិវឌ្ឍជាមជ្ឍមណ្ឌលពាណិជ្ជ ដែលមានទំហំធំនោះដែរ។
លោកស្រីបន្តថា “ភាគច្រើននៅតាមបណ្តោយផ្លូវនេះ ជាប្រភេទផ្ទះល្វែងទាំងអស់ ហើយក៏សុទ្ធតែមានបើកអាជីវកម្មទាំងអស់”។លោកបន្តថា “ដោយសារតែតំបន់នេះមិនសូវមានផ្ទៃដីទំនេរ ហើយជាទីតាំងអំណោយផល ដល់ការប្រកបមុខជំនួញផងដែរនោះ បានធ្វើឱ្យតម្លៃអចលនទ្រព្យមានការកើនឡើងជារៀងរាល់ឆ្នាំ”។
អ្នកជំនាញផ្នែកវាយតម្លៃអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រូបនេះបានបន្តឱ្យដឹងទៀតថា តម្លៃអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមហាវិថីមួយនេះ គឺមិនស្មើគ្នានោះទេ ដែលវាក៏អាស្រ័យទៅតាំមទីតាំង តំបន់ ជាពិសេសគឺទំហំនិងប្រវែង។ ចំពោះផ្ទះល្វែងខ្លះដែលមានប្រវែងខ្លី និងមានជាន់តិច អាចលក់ក្នុងចន្លោះក្រោមមួយលាន ប៉ុន្តែផ្ទះខ្លះមានប្រវែង (Eo, E1, E2) អាចលក់បានជាង១លានដុល្លារឬអាចលើសពីនេះ ប្រសិនបើជាប្រភេទលំនៅដ្ឋានដែលមានម្ចាស់ច្រើនគ្នា។
យ៉ាងណាក៏ដោយ លោកស្រីតាំង ហួរ ក៏បានបញ្ជាក់ផងដែរថា ចំពោះតម្លៃទាំងនេះ នៅមិនទាន់ឈានដល់ចំណុចកំពូលនៅឡើយនោះទេ ដែលវានៅមានឱកាសឡើងខ្ពស់ជាងនេះបន្តិចទៀតនៅឆ្នាំបន្ទាប់។
លើកឡើងស្រដៀងគ្នានេះ លោក វ៉ា វីរៈ នាយកក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ Century21 Fortuna Investment បានមានប្រសាសន៍ឱ្យដឹងផងដែរថា មហាវិថីព្រះសីហនុ គឺត្រូវបានបែងចែកចេញតំបន់ផ្សេងគ្នា ដូចជាចាប់ពីចំណុចស្តុបមន្ទីរពេទ្យចិន (ស្តុបអាគារ៤២ជាន់) រហូតមកដល់ចំណុចម្ដុំរង្វង់មូលវិមានឯករាជ្យ ដែលស្ថិតនៅក្នុងសង្កាត់បឹងកេង គឺមានតម្លៃថ្លៃ ហើយទីតាំងខ្លះអាចថ្លៃលើសតម្លៃដី ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង១(ផ្លូវខាងក្នុង) ថែមទៀតផង ដោយសារតែវាស្ថិតនៅលើមហាវិថី ដែលអាចក្នុងតម្លៃជាង៦,០០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។
ដោយឡែកចាប់ពីចំណុចខាងក្រោយវិទ្យាល័យព្រះយុគន្ធរ រហូតដល់ចំណុចស្តុបវត្តមហាមន្ត្រី ដែលស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា អាចមានតម្លៃទាបអាចក្នុងចន្លោះ ៤,៥០០ទៅ ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ព្រោះនៅតំបន់នេះភាគច្រើនលំនៅដ្ឋាន ដែលមានអាជីវកម្មលក្ខណៈគ្រួសារច្រើន។ ប៉ុន្តែចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់តំបន់ស្តុបអាងទឹកអូរឡាំពិក ដែលស្ថិតក្នុងសង្កាត់អូរឡាំពិក អាចមានតម្លៃថ្លៃបន្តិចឡើងវិញ៕