ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ព្រលានយន្តហោះចំនួន៣ នៅតាមបណ្តាខេត្តនាភូមិភាគឦសាន្តប្រទេស ដើម្បីសម្រួលការដឹកជញ្ជូន និងលើកកំពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។
អ្នកនាំពាក្យ និងរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជា អូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ មេសានេះថា រដ្ឋាភិបាលបានសិក្សាពីការសាងសង់ព្រលានយន្តហោះខ្នាតតូចក្នុងខេត្តចំនួន៣ គឺខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ប៉ុន្តែផ្តល់អាទិភាពដល់ខេត្តមណ្ឌលគិរីជាមុន ដោយបច្ចុប្បន្ននេះ រដ្ឋាភិបាលបានត្រៀមដីរួចហើយ សំរាប់ទីតាំងសាងសង់ព្រលានយន្តហោះទាំងនេះ។
លោកបន្តថា “រហូតមកទល់ពេលនេះ ការចំណាយសំរាប់សាងសង់ព្រលានយន្តហោះនិមួយៗប៉ុន្មាន យើងមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែជំហ៊ានដំបូងគំរោងនេះ នឹងប្រើប្រាស់ថវិការបស់រដ្ឋាភិបាល”។ លោកបន្តថា “ការចំណាយសំរាប់ព្រលាននិមួយៗ ខ្ញុំមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយសារព្រលាននីមួយៗមានការសាងសង់ និងអាស្រ័យលើចំនួននៃការចុះចតរបស់យន្តហោះច្រើនឬតិច”។






