ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនយក្សរបស់ចិន Prince Real Estate Group គ្រោងនឹងសាងសង់សាងសងកន្ត្រកវិលយក្ស ដែលមានកំពស់រហូតដល់៨៨ម៉ែត្រ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
យោងតាមការទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន ដែលបានចុះផ្សាយកាលពីថ្មីៗនេះបានឲ្យដឹងថា សព្វថ្ងៃមជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ម៉ាណ័រ ដំណាក់កាលទីមួយបានបើកដំណើរការដោយជោគជ័យ។ ដំណាក់កាលទី២ នៃមជ្ឈមណ្ឌលកម្សាន្ដព្រីនស៍ ម៉ាណ័រ នឹងមានបង្កើតនូវឧទ្យានអេកូឡូស៊ី និងវិទ្យាសាស្រ្តកសិកម្ម ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មប្រណិត។ នៅក្នុងដំណាក់កាលទី៣ គម្រោងឧទ្យានកម្សាន្តលើទឹក និង “ចក្ខុនៃភ្នំពេញ” ដែលជាកន្រ្តកវិលមានកម្ពស់៨៨ ម៉ែត្រ នឹងត្រូវបើកដំណើរការនាពេលខាងមុខ។
មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ បានសម្ពោធបើកដំណើរការជាផ្លូវការដំណាក់កាលទី១ មានការបើកដំណើរការនូវឧទ្យានធំៗចំនួន៥ ដូចជា សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានសុខភាព ឧទ្យានកីឡា និងឧទ្យានវីរជន។ មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ ក៏មានផ្តល់ជូនអតិថិជនជាពិសេសនូវបទពិសោធន៍នៃសេវាកម្មដ៏សម្បូរបែបមានដូចជាចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហ្គោល VR ដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានា។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ថា ប្រសិនជាមានការសាងសង់កន្រ្តកវិលខ្ពស់បែបនេះ និងបន្ថែមសេវាកម្មមួយចំនួនទៀត រមណីយដ្ឋានបែប Indoor នេះ នឹងបន្ថែមការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ខណៈបច្ចុប្បន្នគំរោងនេះកំពុងទាក់ទាញភ្ញៀវវ័យក្មេងក្នុងស្រុក និងជនជាតិចិនច្រើនជាង។

លោកបន្តថា “វាអាចចាត់ទុកជាផលិតផលទេសចរណ៍ថ្មីមួយ ប្រសិនជាគំរោងនេះរៀបចំបានល្អប្រសើរ និងមានសេវាកម្មកាន់តែសម្បូរបែប”។ លោកបន្តថា “គំរោងមណ្ឌលកំសាន្តនេះមិនធំនោះទេ ប៉ុន្តែមានភាពទាក់ទាញមួយ ដោយសារការវិនិយោគផ្តោតលើការលំហែរ ក្នុងម៉ាស៊ីនត្រជាក់ តែការវិនិយោគក្នុងវិស័យនេះ គួរធ្វើផលិតផលផ្សេងៗគ្នា ដើម្បីបញ្ចៀសការប្រកួតប្រជែង ដែលនាំឲ្យមានបញ្ហានៅពេលអនាគត”៕






