ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម TCC Triumph ដែលគ្រោងវិនិយោគទឹកប្រាក់រហូតដល់ប្រមាណ ១០០០លានដុល្លារបាន និងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ខណៈគំរោងនេះនឹងជាផ្នែកមួយនៃការដើរទិញទំនិញដ៏ធំ និងជាលើកដំបូងនៅក្រុងភ្នំពេញ។

-->
គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន YunNan ShengMao Investment (Cambodia) Co., Ltd ។ គម្រោងទាំងមូលនឹងបញ្ចប់នៅចុងឆ្នាំ ២០២០។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលនូវ អគារលក់ទំនិញចំនួន៤ ដែលអគារនីមួយៗមានកម្ពស់ ៤ជាន់ ដែលបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំមុន និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៩ នេះ ខណៈដំណាក់កាលទី២នឹងសាងសង់នៅចុងឆ្នាំនេះផងដែរ។
អ្នកគ្រប់គ្រងផ្នែកលក់របស់ TCC Triumph លោកហាក់ យ៉ារិទ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងដំណាក់កាលទី១នេះ យើងកំពុងមានក្តីសង្ឃឹមថានឹងអាចបើកដំណើរការបាននៅដើមឆ្នាំ ២០២០ ហើយនៅពេលសាងសង់រួច នឹងមានផលិតផលជាង ១០ ម៉ឺនមុខសំរាប់លក់នៅក្នុងមជ្ឈមណ្ឌលនេះ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម TCC Triumph វិនិយោគលើផ្ទៃដីទំហំជាង៩ហិកតា ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការកើនឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហាងលក់ទំនិញធំៗនៅរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ពិសេសប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង។លោកបន្តថា អ្នកវិនិយោគគំរោងធំៗបែបនេះ ពួកគេសិក្សាពីទីផ្សារច្បាស់លាស់ណាស់ មុនពួកគេសម្រេចចិត្តវិនិយោគលើគំរោងអ្វីមួយ។

លោកបន្តថា “កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាអំណាចនៃការទិញ ព្រោះពេលប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើង អំណាចនៃការទិញនឹងកើនឡើងជាស្វ័យប្រវត្តិ”៕