ដោយ៖ ដែន ចែងចាំ
ភ្នំពេញៈ ស្របពេលកំនើនទេសចរណ៍ជាតិ អន្តរជាតិកើនឡើងជារៀងរាល់ឆ្នាំ បានធ្វើឲ្យការផ្គត់ផ្គង់សណ្ឋាគារលំដាប់ប្រណីត នៅខេត្តសៀមរាបកើនឡើងជាលំដាប់។
តើខេត្តសៀមរាបមានសណ្ឋាគារប៉ុន្មាននាពេលនេះ? បើយោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុបបានរកឃើញថា សណ្ឋាគារប្រណីតនៅខេត្តសៀមរាប បានកើនឡើងពី ៥,៩៨៧ បន្ទប់ កាលពីឆ្នាំមុនដល់ ៦,៧០៩ បន្ទប់ នៅឆ្នាំ ២០១៧ នេះសណ្ឋាគារកម្រិតផ្កាយ៤ បានកើនពី៨,១៣២បន្ទប់ ដល់៨,៩៦២ បន្ទប់នៅឆ្នាំនេះ ប៉ុន្តែសណ្ឋាគារកម្រិតផ្កាយ៥ បានថយចុះនូវចំនួនបន្ទប់ដែលកាលពីឆ្នាំមុនមានចំនួន៦,៦៩៩ បន្ទប់ ធ្លាក់មកនៅត្រឹម ៦,១៣១ បន្ទប់នៅដំណាច់ឆមាសទី១ឆ្នាំនេះ។
-->

ការសិក្សាដដែលបានរកឃើញថា ការថមថយនូវចំនួនបន្ទប់កម្រិតផ្កាយ៥ នេះ មួយផ្នែកដោយសារការផ្អាកនូវដំណើរការសណ្ឋាគារមួយចំនួន និងសណ្ឋាគារមួយចំនួនទំនងជាបានបញ្ចុះកម្រិតផ្កាយរបស់ពួកគេ។
នាយកផ្នែកវាយតម្លៃអចលនទ្រព្យ នៃក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុបលោកប៉ែន សុខគាបានថ្លែងថា ចំនួនសណ្ឋាគារនៅរាជធានីភ្នំពេញ មានការកើនឡើងច្រើនធៀប នឹងខេត្តសៀមរាប ដោយយើងឃើញថា នៅរាជធានីភ្នំពេញមានចំនួនសណ្ឋាគារថ្មីៗ កាន់តែច្រើនមានភ្ញៀវចម្រុះទាំងភ្ញៀវទេសចរ និងអ្នកជំនួញនិងប្រតិភូ នានា។

លោកបន្តថា “ទោះជាយ៉ាងណា យើងសង្កេតឃើញថា អ្នកវិនិយោគសាងសង់សណ្ឋាគារភាគច្រើននៅកម្ពុជា ជាអ្នកវិនិយោគក្នុងស្រុក»។លោកបន្តថា«ការវិនិយោគលើវិស័យនេះ មិនមានផលចំណេញខ្លាំងនោះទេ តែមិនសូវមានហានិភ័យឡើយ ដោយសារការមកដល់របស់ភ្ញៀវទេសចរបាន បន្តកើនឡើង»។
ប្រធានសមាគមសណ្ឋាគារលោកឌិន សុមេធារិទ្ឋបានថ្លែងស្រដៀងគ្នាថា ទីផ្សារសណ្ឋាគារមិនមានអ្វីប្រែប្រួលនោះទេ ដោយសារការប្រកួតប្រជែងកើនឡើង ហើយការមកដល់របស់ភ្ញៀវទេសចរណ៍កើនឡើង ក៏មិនបានជួយឲ្យអត្រាប្រើប្រាស់បន្ទប់សណ្ឋាគារកើនឡើងគួរឲ្យកត់សំគាល់ទេ ដោយសារការផ្គត់ផ្គង់កើនឡើងខ្ពស់។
លោកបន្តថា “ទីផ្សារនេះកំពុងធ្វើឲ្យអ្នកវិនិយោគសណ្ឋាគារតូចៗ បង្ខំចិត្តបិទទ្វារ ដោយសារការប្រកូតប្រជែង និងកង្វះជំនាញពីអ្នកទាំងនោះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ការកើនឡើងនូវភ្ញៀវទេសចរ ក៏មានបញ្ហាប្រឈមថ្មីកើនឡើងផងដែរ ពិសេសនៅតំបន់ឆ្នេរដែលទាមទារឲ្យមានការសិក្សា និងរៀបចំផែនការច្បាស់លាស់ ទើបការអភិវឌ្ឍនៅតំបន់ឆ្នេរជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកបន្តថា “យើងមានការប្រុងប្រយ័ត្នណាស់ក្នុងបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយដើម្បីធ្វើបានយើងត្រូវមានប្លង់មេច្បាស់លាស់មួយរៀបចំតំបន់ អភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ថា តំបន់ណាជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មតំបន់ណាជាតំបន់ឧស្សាហកម្ម តំបន់ណាជាតំបន់ឆ្នេរជាដើម»៕