លោកឧកញ៉ានួន រិទ្ធី បង្ហើបពីវិធីសាស្ត្រទិញផ្ទះបង់រំលស់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បច្ចុប្បន្ននេះសម្រាប់ការទិញផ្ទះ ដោយការអនុវត្តវិធីសាស្ត្របង់រំលស់ គឺកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ក្នុងនោះរាប់ទាំងប្រភេទលំនៅដ្ឋានធម្មតា សម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមក៏ដូចជាប្រភេទលំនៅដ្ឋានបែបប្រណីត ស្ថិតនៅក្នុងបុរី ដែលផ្តោតសំខាន់លើអ្នកមានចំណូលខ្ពស់។ តើការទិញផ្ទះលំនៅដ្ឋានដោយការបង់រំលស់នេះ មានចំណុចល្អប្រសើរ និងប៉ះពាល់អ្វីខ្លះ ចំពោះអតិថិជនដែលជាអ្នកទិញ ? ចម្ងល់មួយនេះត្រូវបានបំភ្លឺដោយលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដូចខាងក្រោម។

លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា ៖ « ការបង់រំលស់ថ្លៃផ្ទះនេះ គឺត្រូវធ្វើឡើងដោយអមជាមួយគ្នារវាងថ្លៃដើម និងការប្រាក់ ។ ប៉ុន្តែបើសម្លឹងមើលពីចំនួនថ្លៃដើម គឺដំបូងបានរំលស់តិចណាស់ ដែលវាត្រូវចំណាយលើការប្រាក់ច្រើនក្នុងមួយខែ។ បើយើងរំលស់ក្នុងរយៈពេលយូរ យើងបង់ខាតកាន់តែច្រើន ដូច្នេះសម្រាប់អ្នកដែលចង់ទិញផ្ទះដោយការបង់រំលស់នេះ ចាំបាច់ត្រូវពិចារណាទៅលើស្ថានភាពនៃចំណូលរបស់ខ្លួនជាមុនសិនថា តើចំណូលដែលបានមកស័ក្តិសមនឹងការទិញផ្ទះដែរឬទេ។ មួយវិញទៀត សម្រាប់អ្នកដែលមានចំណូលមានកម្រិត ក៏គួរពិចារណាថា តើការជួលផ្ទះ និងការទិញផ្ទះដោយការរំលស់នេះ មួយណាប្រសើរជាងសម្រាប់ជីវភាពជាក់ស្ដែងរបស់យើង » ។

លោកឧកញ៉ា នួន រិទ្ឋី បានលើកជាឧទាហរណ៍ថា ៖ « យើងស្នាក់នៅក្នុងផ្ទះជួលដោយចំណាយ ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែនៅពេលមានគេសង់ផ្ទះលក់ដោយការបងរំលស់ត្រឹម ២០០ដុល្លារ ក្នុងមួយខែដូចគ្នា សួរថាតើយើងត្រូវនៅផ្ទះជួយបន្តទៀត ឬត្រូវទិញផ្ទះ ? ជាការពិត បើយើងបូកសរុបចំនួននៃការចំណាយលើការបង់សរុបនៃថ្លៃផ្ទះ គឺមានចំនួនច្រើនលើសថ្លៃដើម ប៉ុន្តែវិធីសាស្ត្រនៃការបង់រំលស់នេះ គឺបានបន្ធូរបន្ថយដល់អ្នកមានលទ្ធភាពមធ្យម និងក្រោមមធ្យមទទួលបានផ្ទះស្នាក់នៅ»។ លោកឧកញ៉ាបានបន្តថា ៖ «និយាយរួមការទិញផ្ទះដោយការបង់រំលស់ មានចំណុចល្អ និងចំណុចអវិជ្ជមាន។ ចំណុចល្អត្រង់ថា យើងអាចមានផ្ទះស្នាក់នៅ និងជាកម្មសិទ្ធិតាំងពីយើងមិនទាន់មានលុយទិញផ្ទះគ្រប់ ដោយឡែកចំណុចអវិជ្ជមាន គឺត្រូវចំណាយថ្លៃបង់ការប្រាក់ប្រចាំខែច្រើន » ៕

LEAVE A REPLY

Please enter your comment!
Please enter your name here