ដោយ គង់ សូរិយា
ភ្នំពេញ៖ ផ្លូវជាតិលេខ២ និងលេខជាតិ២២ដែលប្រជាពលរដ្ឋរង់ចាំជាយូរមកហើយ ត្រៀមនឹងបើកការដ្ឋាននៅមុនដំណាច់ឆ្នាំនេះ ដោយសារបច្ចុប្បន្នក្រសួងសាធារណៈការជិងរើសបានក្រុមហ៊ុនសាងងស់ហើយ។
ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកឈឹម ផល្លារបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទរសៀលថ្ងៃទី២៥ មេសាកន្លងមកថា បច្ចុប្បន្នក្រសួងជិតរើសក្រុមហ៊ុនសាងសង់់ជិតបានហើយ ប៉ុន្តែមិនយូរទេ ការជ្រើសរើសក្រុមហ៊ុននឹងបញ្ចប់ ហើយនៅពេលជ្រើសរើសក្រុមហ៊ុនសាងសង់រួច ការចាប់ផ្តើមស្ថាបនានិងពង្រីកផ្លូវនេះនឹងចាប់ផ្តើម ដែលអាចនឹងបើកការដ្ឋានសាងសង់នៅមុនដំណាច់ឆ្នាំនេះ។
-->
លោកបន្តថា “បច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋយ៉ាងសកម្ម ដើម្បីបញ្ចប់ឧបសគ្គមុនឈានទៅបើកការដ្ឋាននាពេលខាងមុខ”។ លោកបន្តថា “រហូតមកទល់ពេលនេះ រដ្ឋាភិបាលក៏ដូចជាធនាគារកូរ៉េបានយល់ព្រមផ្តល់កម្ចីសប្បទាន សំរាប់សាងសង់ផ្លូវនេះរួចហើយ”។
ផ្លូវជាតិលេខ២ និងផ្លូវលេខ២២ នឹងត្រូវពង្រីកជាបួនគន្លងនៅតំបន់ខ្លះ និងតំបន់ខ្លះមានពីរគន្លងរថយន្តទៅមក ផ្លូវនេះនឹងចំណាយពេលសាងសង់ជាង៣០ខែ លើផ្លូវប្រវែង៧២,១៧០ម៉ែត្រ។ ផ្លូវជាតិលេខ២២គឺជាផ្លូវតភ្ជាប់ពីទីរួមខេត្តតាកែវ មកកាន់តំបន់ទីប្រជុំជនអង្គតាសោម ក្នុងស្រុកត្រាំកក់។
ទោះជាយ៉ាងណាលោកឈឹម ផល្លាមិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់ស្ថាបនាផ្លូវនេះនៅឡើយទេ ដោយសារការដេញថ្លៃយកក្រុមហ៊ុនសាងសង់មិនទាន់បញ្ចប់។
ជាមួយគ្នានេះ លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងស្រដៀងគ្នាថា ការសាងសង់ផ្លូវនេះនឹងចាប់ផ្តើមនៅឆ្នាំនេះ ព្រោះនិតិវិធីជ្រើសរើសក្រុមហ៊ុនដេញថ្លៃបានជិតបញ្ចប់ហើយ ខណៈធនាគារកូរ៉េក៏បានផ្តល់កម្ចីផងដែរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានរិះគន់ពីនិតិវិធី ក្នុងការសាងសង់ផ្លូវនេះដែលមានសភាពយឺតយ៉ាវ និងបានស្នើសុំឲ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនពន្លឿនការសាងសង់ផ្លូវនេះ ខណៈសម្តេចបានលើកឡើងពីសក្តានុពលខេត្តតាកែវថា ជាខេត្តមានសក្តានុពលក្នុងការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម៕