ដោយ រ៉ាណេត
ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងថា តម្លៃដីធ្លីបានបន្តកើនឡើងនៅឆ្នាំនេះ ដោយសារកត្តាមួយចំនួនដែលធ្វើឲ្យចរន្តនៃការទិញលក់ដីធ្លីកើនឡើង។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ចំពោះវិស័យដីធ្លី មិនថានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតនោះទេ សន្ទស្សន៍នៃតម្លៃគឺនៅតែមានកំណើនជានិច្ច ដែលវាមិនទាន់មានសញ្ញាអវិជ្ជមានណាមួយបង្ហាញនៅឡើយនោះទេ។
-->
លោបន្តថា ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះយើងឃើញស្រាប់ហើយថា ចំពោះតម្លៃដីធ្លី គឺកំពុងតែមានកំណើនជាបន្តបន្ទាប់ ដែលក្នុងនោះរាប់ទាំងដីនៅក្នុងតំបន់ក្រុង ក៏ដូចជានៅជាយក្រុង ហើយនៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួន ក៏កំពុងកើនឡើងយ៉ាងគំហុកផងដែរ ដូចជា ខេត្តព្រះសីហនុ កំពត កោះកុង បាត់ដំបង និងក្រុងប៉ោយប៉ែត ជាដើម”។
លោកបន្តទៀតថា “ប្រសិនបើយើងអាចរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងនយោបាយដូចពេលបច្ចុប្បន្ននេះ សម្រាប់ ៥-១០ ឆ្នាំខាងមុខទៀត តម្លៃដីនៅតែបន្តកើនឡើង ដែលគិតជាមធ្យមអាចក្នុងរង្វង់ជាង ១០ភាគរយ ហើយចំពោះដីដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្មពិសេស ដូចជាតំបន់ទីប្រជុំជនក្នុងខេត្ត ឬក្នុងក្រុង អាចមានកំណើនតម្លៃខ្ពស់ជាងនេះទៅទៀត”។
លើកឡើងស្រដៀងគ្នាននេះ អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេស ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា យើងពិតជាមានមោទនភាពរួចមកហើយ ដែលក្នុងរយៈពេល១០ឆ្នាំកន្លងទៅ តម្លៃដីធ្លីបានកើនឡើងរហូតដល់២២៥ភាគរយ ពោលគឺកាលពីអំឡុងឆ្នាំ២០០៨ តម្លៃដីដែលអាចលក់បានខ្ពស់ជាងគេត្រឹម២៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែនៅត្រឹមឆ្នាំ២០១៨នេះ តម្លៃដីដែលខ្ពស់នបានឡើងរហូតដល់ ៦៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយវានឹងបន្តកើនឡើ់ងខ្ពស់ជាងនេះទៀតនៅពេលខាងមុខនេះ។
អ្នកនាងបានបន្តថា “បើយើងធ្វើការព្យាករណ៍ទៅថ្ងៃអនាគតក្នុងចន្លោះចាប់ពី៥-១០ឆ្នាំខាងមុខទៀត តម្លៃដីនៅកម្ពុជានៅតែមានការកើនឡើងខ្ពស់ដដែល ដែលអាចក្នុងចន្លោះជាង៧ភាគរយឡើងទៅ”។ អ្នកនាងបន្តថា “កំនើន៧ភាគរយនេះមិនមែនមានន័យថា ជាអត្រានៃកំណើនថេរប្រចាំឆ្នាំនោះទេ ប៉ុន្តែវាអាចមានឆ្នាំខ្លះឡើងបាន៥ភាគរយ ឆ្នាំខ្លះឡើងបាន៧ភាគរយ ហើយឆ្នាំខ្លះឡើងបានត្រឹម៣ភាគរយជាដើម ដែលការព្យាករណ៍ចេញជាតួលេខនេះ ក៏ព្រោះយើងសម្អាងទៅលើភាពជាក់ស្ដែង នៃតម្រូវការទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននៅកម្ពុជាធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ ជាពិសេសប្រទេសថៃ ដែលកំពុងមានលំហូរវិនិយោគយ៉ាងគំហុកពីសំណាក់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាជនបរទេស ជាពិសេសជនជាតិចិនជាដើម”។
ជាមួយគ្នានេះ អ្នកនាង អាន សុធីតា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ហេតុផលមួយចំនួនទៀត ដែលជាកក្តាជំរុញឱ្យវិស័យដីធ្លីកាន់តែឡើងតម្លៃខ្លាំង ក៏អាចបណ្តាមកពីដំណើរការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសការរីកចម្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលបាននិងកំពុងវិនិយោគដោយរដ្ឋាភិបាល៕