ដោយ គង់ សូរិយា
ភ្នំពេញ៖ ពិព័រណ៍លំនៅដ្ឋាន និង Lifestyle បានចាប់ផ្តើម ជាមួយគំរោងអភិវឌ្ឍន៍ជាច្រើនបានដាក់តាំងបង្ហាញ នៅសាលសន្និបាតនិងពិព័រណ៍នៅទីក្រុងកោះពេជ្រ ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រុមហ៊ុនបំរើសេវាកម្មនានាជិត១០០បានបង្ហាញផលិតផលរបស់ពួកគេនៅក្នុងពិព៌ណនេះ។
-->
លោក ម៉ឹក ចិន្តា ស្ថាបនិកក្រុមហ៊ុន Realestate.com.kh ដែលជាអ្នករៀបចំពិព័រណ៍នេះ បានមានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍រយៈពេលពីរថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី២៦ មេសានេះថា ពិព័រណ៍នេះជាផ្នែកមួយនៃការបង្ហាញផលិតផលនានាទាក់ទងនឹងវិស័យសេវាកម្ម និងអចលនទ្រព្យ ហើយវាឆ្លុះបញ្ចាំងនូវការរីកចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។
លោកបន្តថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងកត្តាសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានគួរឲ្យកត់សំគាល់”។
ជាមួយគ្នានេះលោក Tom Osullivan អគ្គនាយកក្រុមហ៊ុនវេបសាយរៀបចំពិព័រណ៍នេះបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរៀបចំពិព័រណ៍ដ៏មានសារៈសំខាន់នេះ ជាការផ្សព្វផ្សាយក៏ដូចជាលើកកំពស់ការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា និងពង្រីកការផ្សព្វផ្សាយពីសក្តានុពលវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោកផងដែរ។
លោកបន្តថា “ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងឆ្លុះបញ្ចាំងពីទំនុកចិត្តនៃការវិនិយោគពីបរទេស និងក្នុងស្រុកដែលធ្វើឲ្យវិស័យនេះ នឹងបន្តមានភាពរីកចម្រើនរយៈពេលវែងបន្តទៀត”។
ពិព័រណ៍រយៈពេលពីរថ្ងៃនេះ នឹងបើកឲ្យសាធារណៈជនចូលទស្សនាដោយសេរី និងរំពឹងថាមានប្រជាជនចូលរួមទស្សនាប្រមាណ១ម៉ឺននាក់៕

