ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង ជាផ្នែកមួយនៃគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលជាគោលនយោបាយលើកកំពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ។

-->
លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងឲ្យ ដឹងកាលពីពេលថ្មីៗនេះថា កិច្ចសហប្រតិបត្តិការល្អ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនពិតជាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ព្រោះយើងពិនិត្យសំខាន់ទៅលើសេដ្ឋកិច្ច ហេតុនេះប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ត្រូវបង្កើន សមត្ថភាពផលិតកម្ម ព្រោះប្រទេសចិនមានលទ្ឋភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផង ជួយច្រើនលើសេដ្ឋកិច្ចនិងការវិនិយោគផង។
លោកបន្តថា “នេះជាចំណុចសំខាន់ ដែលកម្ពុជាអាចក្រេបយកអត្ថប្រយោជន៍ចេញពីកិច្ចសហប្រតិបត្តិការ ព្រោះសេដ្ឋកិច្ចយើងពឹងលើកសិកម្ម ជាផលិតផលធ្ងន់ ដែលជួញជិតល្អជាងជួញឆ្លាយ។លោកបន្តថា “កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិនបានបើកទីផ្សារមួយកាន់តែទូលំទូលាយ។លោកបន្តថា “ប្រសិនជាយុទ្ឋនាការចង់បាន១លានតោន ក្នុងការនាំអង្ករចេញ ចិននឹងជួយទិញកម្ពុជា៣០ម៉ឺនតោននៅឆ្នាំក្រោយ ហេតុនេះយើងអាចរកទីផ្សារបានតែ៧០ម៉ឺនតោនទៀត យើងសម្រេចគោលនយោបាយនាំចេញឲ្យបាន១លានតោនហើយ។
ជាមួយគ្នានេះ លោកបណ្ឌិត សុក ស៊ីផាន់ណា ក៏មើលឃើញប្រយោជន៍ចេញពីវិស័យទេសចរណ៍ផងដែរ ដែលបច្ចុប្បន្នចិនបានមកទស្សនាកម្ពុជាច្រើន និងវិនិយោគច្រើននៅកម្ពុជា ហេតុនេះដើម្បីឲ្យចិនមកកាន់តែច្រើន ទាល់តែមានយន្តហោះៗចូលមកច្រើន សាងសង់ភោជនីយដ្ឋាន សណ្ឋាគារ គឺជាផ្នែកមួយដែលជួយពង្រឹងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។
លោក ជីង រ៉ុង (Ying Rong) នាយករង និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានចិន នៃការសិក្សាអន្តរជាតិ បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គប្រទេសចិន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ នឹងបង្កើតឲ្យមានមជ្ឈមណ្ឌលសាកលស្រាវជ្រាវពីតំបន់មេគង្គមួយ ដើម្បីសម្រេចគោលដៅចំនួន២គឺ ទី១. មជ្ឈមណ្ឌលនេះនឹងជាជំនួយគំនិតដ៏សំខាន់ ចំពោះរដ្ឋាភិបាលនៃប្រទេសទាំង០៦ ក្នុងការនាំមកនូវយោបល់ថ្មីៗបន្ថែមទៀត ដើម្បីជួយជំរុញនៃការ អភិវឌ្ឍតំបន់មេគង្គឲ្យកាន់តែរីកចម្រើន និងទី២.មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងផ្សព្វផ្សាយ និងទំនាក់ ទំនងជាមួយនឹងសាធារណដើម្បីបង្កើនការយល់ដឹងឲ្យបានច្រើនតទៅទៀត ចំពោះគំនិតផ្តួចផ្តើមរបស់ចិន (ឡាងឆាងមេគង្គ) ដែលរដ្ឋាភិបាលប្រទេសទាំង០៦បង្កើតឡើង។
លោកបន្តទៀតថា “ថវិកាសម្រាប់ប្រើប្រាស់ សម្រាប់ការបង្កើតមជ្ឈមណ្ឌលសិក្សាសាកលនៅតំបន់ទន្លេមេគង្គនេះ ជាថវិកាពិសេសបានមកពីរដ្ឋាភិបាលនៃប្រទេសទាំង៦ ជាពិសេសប្រទេសចិនបានគ្រោងទុកសម្រាប់ការប្រើប្រាស់ ក្នុងការឲ្យដំណើរការនៃមជ្ឈមណ្ឌលនេះ”៕