អ្នកជំនាញ​ព្រមាន​ ​៖​ ​ការទិញ​ដី​ដោយ​មិនដឹង​ពី​សាវតារ​ច្បាស់​ប្រយ័ត្ន​ទឹកភ្នែក​

0

​ដោយ​ ​រ៉ា​ណេត​

ភ្នំពេញ​៖​ ​នៅពេល​បច្ចុប្បន្ន​នេះ​ ​ដោយសារតែ​តម្រូវការ​នៃ​ការ​ស្នាក់នៅ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ​ជា​នៅពេល​ដែល​តម្លៃ​ដី​នៅក្នុង​ក្រុង​កាន់តែ​ឡើង​ខ្ពស់​បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​សម្រុក​ទៅ​ទិញ​ដី​ដែល​ស្ថិតនៅ​តាម​ជាយក្រុង​ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​។​ ​ការទិញ​ទាំងអស់​នោះ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ព្រមាន​ថា​ ​ចំពោះ​ការទិញ​ដី​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​វា​ជា​រឿង​ដែល​ប្រសើរ​ ​ប៉ុន្តែ​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិ​នៃ​ដី​ ​ដើម្បី​ចៀសវាង​មាន​បញ្ហា​វិវាទ​នៅពេល​ក្រោយ​។​ ​

​វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​អ្នកទិញ​ដី​ដែល​ត្រូវតែ​ពិនិត្យ​លើ​សាវតារ​ ​ឬ​ព័ត៌មាន​ថា​ ​ប្រសិនបើ​មាន​ករណី​ដី​នោះ​នៅ​ជាប់បំណុល​ពន្ធ​រដ្ឋ​មិនបាន​ដោះស្រាយ​ ​ឬ​អ្នកទិញ​មិនបាន​ពិនិត្យ​លើ​ចំណុច​នេះ​ទេ​ ​ដូច្នេះ​គេ​មិន​អាច​ផ្ទេរ​កម្មសិទ្ធិ​ ​(​កាត់ឈ្មោះ​)​ ​ឱ្យមក​អ្នកទិញ​បានទេ​ ​លុះត្រាតែ​មានការ​ដោះស្រាយ​បំណុល​នោះ​រួច​ទើប​អាច​ផ្ទេរ​កម្មសិទ្ធិ​បាន​។​

​លោក​ ​គីម​ ​ហ៊ា​ង​ ​នាយក​ក្រុមហ៊ុន​ ​Khmer​ ​Real​ ​Estate​ ​បាន​ទទួលស្គាល់​ថា​ ​ការពិនិត្យ​មើល​ ​ឬ​ដឹងពី​សាវតារ​ដី​មុន​ពេល​សម្រេច​ចិត្ដ​ទិញ​គឺជា​រឿង​ចាំបាច់​ ​និង​ត្រឹមត្រូវ​បំផុត​ ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ដំណើរការ​ទិញ​-​លក់​ ​និង​ផ្ទេរសិទ្ធិ​ប្រព្រឹត្ដ​ទៅ​ដោយ​គ្មាន​បញ្ហា​។​ ​លោក​បាន​បញ្ជាក់​ថា​ ​៖​ ​«​ ​បច្ចុប្បន្ន​ប្រជាជន​ ​អ្នករក​ស៊ី​ ​ឬ​មន្រ្ដី​រាជការ​មួយចំនួន​ពួកគាត់​គ្មាន​បទ​ពិសោធ​ ​ឬ​វិធី​ក្នុង​ការពិនិត្យ​លើ​សាវតារ​ដី​ទេ​ ​ដូច្នេះ​ដើម្បី​ចៀសវាង​នូវ​បញ្ហា​ទាំងឡាយ​នៅពេល​ពួកគាត់​ទិញ​ ​(​ដី​)​ ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​ពួកគាត់​គួរតែ​ពឹង​លើ​ក្រុមហ៊ុន​អាជីព​ ​ឬ​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ការពិនិត្យ​លើ​ព័ត៌មាន​ដី​ទាំងនោះ​ ​ព្រោះ​ក្រុមហ៊ុន​អាជីព​គេ​មាន​ទំនាក់ទំនង​ច្រើន​ ​ជាពិសេស​គេ​ដឹងពី​វិធី​សា​ស្រ្​ដក្នុង​ការពិនិត្យ​មើល​សាវតារ​ដី​»​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​ប្រសិនបើ​យើង​មិនបាន​ពិនិត្យ​សាវតារ​ដី​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ​ ​វា​នឹងអាច​បង្ក​ជា​បញ្ហា​។​ ​ខ្ញុំ​ឧទាហរណ៍​ថា​ ​មនុស្ស​មា្នក់​មាន​ដី​មួយ​កន្លែង​គាត់​មិនដែល​បាន​បង់ពន្ធ​ប្រចាំឆ្នាំ​សោះ​ ​ជួនកាល​គាត់​អាច​មិនដឹង​អំពី​ព័ត៌មាន​នៃ​ការ​បង់ពន្ធ​នោះ​ ​ឬ​អាច​គាត់​ដឹង​ដែរ​តែ​ជាប់រវល់​ធ្វើការងារ​រកស៊ី​ ​ដូច្នេះ​គាត់​អត់​ខ្វល់​ ​គាត់​អត់​បង់​អ្វី​ទាំងអស់​។​ ​ពេល​គាត់​ចង់​លក់​អចលនទ្រព្យ​ដែល​គាត់​មិនបាន​បង់ពន្ធ​ប្រចាំឆ្នាំ​ ​និង​ពន្ធ​មិន​ប្រើប្រាស់​អចលនទ្រព្យ​រាប់​ឆ្នាំ​មក​ហើយ​នោះ​ ​បូករួម​នឹង​ត្រូវ​គេ​ពិន័យ​ទៀតផង​ ​វា​មាន​ចំនួន​ទឹកប្រាក់​ច្រើន​ ​ដូច្នេះ​ពេល​គាត់​គិតដល់​បំណុល​ពន្ធ​ឃើញ​ច្រើន​ ​ក៏​ចាប់ផ្ដើម​មានគំនិត​ថា​ ​មន្រ្ដី​ពន្ធដារ​ធ្វើបាប​ប្រជាជន​ ​ប៉ុន្ដែ​យើង​ត្រូវ​ដឹង​ថា​ ​ច្បាប់​គឺ​ច្បាប់​ ​»​ ​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ថា​ ​៖​ ​«​បើ​ទោះបីជា​យើង​ទិញ​ដី​តូច​ ​ឬ​ធំ​ក៏ដោយ​ ​ក៏​ចាំបាច់​បំផុត​ដែល​អ្នកទិញ​ត្រូវតែ​ដឹងពី​សាវតារ​ដី​ឱ្យ​បាន​ច្បាស់លាស់​ ​ព្រោះ​ការ​ដឹង​ព័ត៌មាន​នឹង​មិន​ធ្វើ​ឱ្យ​យើង​ជួប​បញ្ហា​ប្រឈម​ទេ​។​ ​វា​មិនមែន​សុទ្ធតែ​ការទិញ​ដី​ដោយ​មិនបាន​ដឹងពី​សាវតារ​ដី​ត្រូវតែ​ជួបនឹង​បញ្ហា​នោះ​ទេ​ ​ប្រសិនបើ​អ្នកលក់​ ​ឬ​អ្នក​វិនិយោគ​នោះ​ស្មោះត្រង់​ជាមួយ​អ្នកទិញ​ ​វា​ជា​រឿង​ល្អ​នឹង​មិន​មាន​បញ្ហា​អ្វី​សម្រាប់​អតិថិជន​ទេ​ ​ប៉ុន្ដែ​បើ​ពួកគាត់​មិន​ស្មោះត្រង់​នឹង​អតិថិជន​ ​ហើយ​អ្នកទិញ​មិនបាន​ដឹងពី​ព័ត៌មាន​ក្បាលដី​ច្បាស់​ទៀត​នោះ​ ​បញ្ហា​ប្រឈម​នឹង​កើតឡើង​»​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​៖​ ​«​ ​វិធី​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ ​អ្នកទិញ​ត្រូវតែ​ចេះ​ស្វែងរក​ភ្នាក់ងារ​ដើម្បី​ស្រាវជ្រាវ​ពី​ព័ត៌មាន​ក្បាលដី​ដែល​គាត់​ចង់​ទិញ​នោះ​។​ ​តាមពិត​ទៅ​វា​មិន​មានការ​ចំណាយ​អ្វី​ច្រើន​ទេ​ ​ប្រសិនបើ​គាត់​សិក្សា​គុណ​គូរ​ការ​ចំណាយ​លើ​អ្វី​ដែល​គាត់​បាន​ធ្វើ​ដោយខ្លួនឯង​ ​ដូចជា​ការស្វែងរក​ទិញ​ ​ឬ​ធ្វើ​អ្វី​ផ្សេង​ៗ​ត្រូវ​ចំណាយ​ប្រហែលគ្នា​ ​តែ​គាត់​បាត់​ព័ត៌មាន​ច្រើន​។​ ​ផ្ទុយទៅវិញ​បើ​គាត់​រក​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ ​ឬ​ក្រុមហ៊ុន​មានឈ្មោះ​ក្នុង​សង្គម​ជួយ​គាត់​នឹង​ទទួល​បាន​ភាព​កក់ក្ដៅ​ ​»​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here