គំរោងវិនិយោគ និងធុរកិច្ចជិត៣០០លានដុល្លារនៅក្រុងព្រះសីហនុទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើ​កទី១៨ ពាក់ព័ន្ធនឹងវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និង តំណាងរដ្ឋបាលខេត្ត ដើម្បីពិភាក្សាលើគម្រោងវិនិយោគ និងធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស។

នាឱកាសនោះលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងប្រឈមនឹងការផ្លាស់ប្តូរ ស្ថានភាពពាណិជ្ជកម្មសកល និងការផ្ទុះអាវុធនៅតំបន់ព្រំដែន ជាមួយប្រទេសថៃ ដែលបានបំពាន ឈ្លានពាន និងរំលោភបូរណភាពទឹកដី ហើយមានផលជះមកលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងការវិនិ​យោគ ដែលតាមនេះអ្វីដែលគ្រប់តួអង្គទាំងអស់ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កំពុងធ្វើគឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ដើម្បីកំណើននិងបង្កើតការងារ ។

លោកបណ្ឌិតបន្ថែមថា ក្រុមការងារត្រូវប្រឹងប្រែង ជំនះរាល់ឧបស​គ្គនៅចំពោះមុខ ហើយត្រូវបន្តឱ្យបានជាប់លាប់ ខិតខំប្រឹងប្រែងឱ្យខ្លាំងក្លា និងរួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមកាតព្វកិច្ចរៀងៗខ្លួន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយឈរលើឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយ បញ្ហាប្រឈម ទៅជាកាលានុវត្តភាព តាមរយៈការផ្តល់កិច្ចសហការ ការគាំទ្រ និងសម្របសម្រួលឱ្យអស់លទ្ធភាព ក្នុងការផ្តល់សេវាដល់វិនិយោគិន ដោយរលូន និងរហ័ស ដើម្បីឱ្យម្ចាស់គម្រោងអាចកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើម និងកាត់បន្ថយនីតិវិធី ក្នុងការដំណើរការអនុវត្តគម្រោង និងមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង។

ជាកិច្ចបន្ទាប់អង្គប្រជុំបានពិនិត្យ លើគម្រោងដែលស្នើការលើកទឹកចិត្តពិសេស ហើយបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងចំនួន២៧ គម្រោ​ង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន១៧ គម្រោងថ្មីចំនួន៨ គម្រោងពង្រីក១ និងគម្រោងមានស្រាប់ ចំនួន១ ដែលមានទុនវិនិយោគប្រមាណ២៨២ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ១៨១២ កន្លែង ។

គម្រោងទាំង២៧នេះមានជាអាទិ៍ ដូចជាគម្រោងរោងចក្រផ្គុំ និង ដំឡើងរថយន្ត គម្រោងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត គម្រោ​ងសណ្ឋាគារ គម្រោងរមណីយដ្ឋានទេសចរណ៍ និងគម្រោងអគារពហុមុខងារ ។

បន្ទាប់ពីការផ្តល់ការលើកទឹកចិត្តនេះ ក្រុមការងារនឹងផ្តល់ការសម្របសម្រួល និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វិនិយោគិន ដើម្បីជំរុញការវិនិយោគឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និងមានប្រសិទ្ធភាព។

គម្រោងដែលក្រុមការងារ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានកំណើន១១% ធៀបនឹងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើង នូវទំនុកចិត្តពីសំណាក់វិស័យឯកជន។

កម្លាំងចលករសំខាន់ នៅពីក្រោយលទ្ធផលនេះ គឺវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដែលទទួលបានការលើកទឹកចិត្តពិសេស តាមរយៈយន្តការ “ច្រកចេញចូលតែមួយ” របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង ទំនុកចិត្តវិនិយោគនៅក្នុងខេត្ត។

ជាមួយនេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន “អត្ថប្រយោជន៍ពិសេស” ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here