ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនផលិតរថយន្តដ៏ធំGM បានសម្រេចបង្កើតរោងចក្រផ្គុំ និងដំំឡើងរថយន្តម៉ាកChevroletនៅកម្ពុជា ជាទីតាំងមួយដែលក្រុមហ៊ុនបានសម្រិតសំរាំងបំផុត ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធរថយន្តប្រភេទ ភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado) នៅសាល ដី ព្រេមៀ សេនធ័រ សែនសុខ។
លោកអគ្គលេខាធិការបានសម្តែង នូវការអបអរសាទរចំពោះក្រុមហ៊ុន យូណាយធីត អូតូត្រេឌីង ក្នុងការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យមួយនេះ ហើយក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនGM ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដែលជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលត្រូវបានជ្រើសរើស និងទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុនGM ក្នុងការផ្គុំដំឡើងរថយន្តChevrolet។
លោកអគ្គលេខាធិការបានលើកឡើង នូវយុទ្ធសាស្ត្រចម្បងចំនួនពីរសម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលយុទ្ធសាស្ត្រទីមួយគឺការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងទីពីរគឺសូមឱ្យក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ចូលរួមជំរុញធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំ ការនាំចេញទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។
លោកក៏បានលើកឡើងអំពីការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយ ដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ជាក់ស្តែងដូចជាកាលពីពេលថ្មីៗនេះ កម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័ស ទៅលើបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាសម្រេចបានការកាត់បន្ថយអត្រាពន្ធគយបដិការពី៤៩% មកត្រឹម៣៦% ហើយចុងក្រោយមកត្រឹម១៩%។
លោកជា វុទ្ឋីបានបញ្ជាក់ថា “នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា”។
ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់។
បន្ថែមលើនេះ លោកប្រធានាធិបតី ក៏បានមានការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវការអនុគ្រោះពន្ធ ចុងក្រោយត្រឹម ១៩% ដើម្បីកម្ពុជាអាចបន្តពង្រឹង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ពិសេសការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបន្ថែមទៅទៀត៕