រដ្ឋាភិបាល​នឹង​រៀបចំ​តំបន់​ជ្រៃធំ​ឱ្យ​មាន​លក្ខណៈ​ពិសេស​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ខណៈ​តម្លៃ​ដី​កំពុង​ហក់​ឡើង​

0

​ដោយ ​ស៊ី​វ ម៉េង​

​ភ្នំពេញ​៖ ​អភិបាលខេត្ត​កណ្តាល​លោក​ម៉ៅ​ភិរុណ​បាន​ថ្លែង​ថា​អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​តំបន់​ជ្រៃធំ​ឲ្យ​មាន​លក្ខណៈ​ពិសេស​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​។​

​លោក​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ប្លង់​គោល​ទីប្រជុំជន​ជ្រៃធំ​បាន​និង​កំពុង​រៀបចំ​ដំណើរ​ការ​បញ្ចប់​ហើយដែល​យើង​រំពឹង​ថា​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នឹង​បញ្ចប់​ហើយ​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​នេះ​ ឬ​ដើមឆ្នាំ ២០១៩ខាងមុខនេះ​។​ លោក​បន្ត​ថា​តំបន់​ជ្រៃធំ​ជា​តំបន់​ស្ថិតនៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​ស្ថិត​ក្នុង​ឃុំ​សំពៅពូន​ស្រុក​កោះធំ​ខេត្តកណ្តាល​ដែល​មាន​សក្តា​នុ​ពល​ទាំង​សេដ្ឋកិច្ច​និង​សង្គម​។​

​លោក​បន្ត​ថា​“​យើង​គ្រោង​រៀបចំ​តំបន់​នេះ​ឲ្យ​មាន​លក្ខណៈ​ពិសេស​តាមរយៈ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ដើម្បី​បំរើ​និង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​អន្តរជាតិ​ឲ្យ​វិនិយោគ​តំបន់​នេះ​កាន់តែ​ច្រើន​”​។ ​លោក​បន្ត​ថា​“​យើង​ចង់​រៀប​ចំ​អ្វី​ៗ​ឲ្យបាន​ល្អ​ប្រសើរ​​ជាមុន​មុននឹង​យើង​ណែនាំ​និង​ទាក់ទាញ​ការ​វិនិយោគ

​តំបន់​ជ្រៃធំ​ស្ថិត​ក្នុង​ឃុំ​សំពៅពូន​ដែល​មាន​ភូមិ​ចំនួន៣ជា​ចំណុះ​និង​មានផ្ទៃ​ដី​ស្ថិត​ក្នុង​ប្លង់​គោល​ជាង២០០០ហិ​ក​តា​និង​មាន​ប្រជាជន​រស់នៅ​ជាង ៧០០០នាក់​។​

​លោក​បណ្ឌិ​ត​វ៉ាន់​វ៉ា​ត​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ក្រោម​ការដឹកនាំ​របស់​អភិបាលខេត្ត​កណ្តាល​និង​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មន្ទីរ​ជំនាញ​បាន​និង​កំពុង​ខិតខំ​បញ្ចប់​ការរៀបចំ​ប្លង់​គោល​តំបន់​ទីប្រជុំជន​ជ្រៃធំ​នៅ​ដំណាច់ឆ្នាំ​នេះ​ហើយ​នេះ​ជា​ប្លងើ​គោល​ទី២ របស់​ខេត្ត​កណ្តាល​បន្ទាប់ពី​ប្លង់​គោល​ក្រុង​តាខ្មៅ​ត្រូវ​បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ក្រសួង​រៀបចំ​ដែនដី​។​

​លោក​បន្ត​ថា​“​តំបន់​ជ្រៃធំ​នឹង​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ពិសេស​មួយ​ប៉ុន្តែ​មិនមែន​រៀបចំ​ជាទី​ក្រុង​ទេ​តែ​រៀបចំ​ជាទី​ប្រជុំជន​ពិសេស​មួយ​ដែល​មាន​ផែនការ​អភិវឌ្ឍន៍​ច្បាស់លាស់​និង​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​”​។ ​លោក​បន្ត​ថា​“​ដោយសារ​តំបន់​នេះ​ស្ថិតនៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​តំបន់​នេះ​ឲ្យ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នា​ពេល​អនាគត​”​។​

​ឃុំ​សំពៅពូន​មាន​ភូមិ​ចំនួន​បី​ជា​ចំណុះ​ដូចជា​ភូមិ​ព្រៃធំ​ភូមិ​ព្រែក​សឹង​និង​ភូមិ​ព្រែក​ស្បូវ​។​

​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ​ខេ​ត​អឹ​ព្រេហ្សល​ (​KATAPPRAILSAL​) ​អ្នក​នាង ​ចេ​វ​ សុ​ឃុន​ បាន​មានប្រសាសន៍​ថា​បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ជាពិសេស​នៅ​ជិត​ច្រកព្រំដែន​មានតម្លៃ​ថ្លៃ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​មានការ​រីក​លូតលាស់​និង​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​។ ​អ្នកនាង​បន្ត​ថា​ចំពោះ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​(​ផ្លូវ​លេខ២១​)​ គឺ​កំពុងតែ​មានតម្លៃ​ខ្ពស់​ស្ទើរតែ​មួយ​គុណ​នឹង​បួន​ដូចជា​កាលពី​ប្រមាណ៤ឆ្នាំមុន​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ត្រឹម​ជាង១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុន្តែ​សម្រាប់​ឆ្នាំ២០១៩ ទីតាំង​ដដែល​នេះ​គឺ​មានតម្លៃ​រហូតដល់​ចន្លោះ​ចាប់ពី ៤០០ដុល្លារ​ ទៅ ៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​ដោយឡែក​សម្រាប់​ដី​ដែល​នៅ​ផ្លូ​វតូចៗ​ឬនៅ​ផ្លូវ​ខាងក្នុង​កាលពី៤ឆ្នាំមុន​មានតម្លៃ​ត្រឹម១០ដុល្លារ​ប៉ុន្តែ​ពេលនេះ​ដី​តំបន់​ដដែល​មានតម្លៃ​ចន្លោះ​ពី៦០ទៅ៧០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ហើយ​ចំពោះ​ដីស្រែ​ដែល​ធ្លាប់​មានតម្លៃ៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​កាលពី៤​-​៥ឆ្នាំមុន​នោះ​ពេលនេះ​អាច​លក់​បាន​រហូតដល់​ក្នុង​ចន្លោះ៤០​-​៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​អ្នក​នាង​ចេ​វ​សុ​ឃុន​បាន​បន្ត​ទៀត​ថា​ហេតុផល​ដែល​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ឡើង​ខ្លាំង​ក៏​ព្រោះតែ​តំបន់​ច្រក​ជ្រៃធំ​មានការ​អភិវឌ្ឍ​លឿន​ដែល​វា​ក្រៅពី​ជា​ច្រកចេញ​ចូល​និង​ដឹកជញ្ជូន​នូវ​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម​វា​ក៏​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​ជាពិសេស​អ្នក​វិនិយោគ​ចិន​និង​ម៉ាឡេស៊ី​ដែល​ភាគច្រើន​ពួកគេ​ផ្តោត​សំខាន់​លើ​ការ​វិនិយោគ​ផ្នែក​វិស័យ​សំណង់​ដូចជា​សណ្ឋាគារ​ផ្ទះសំណាក់​កាស៊ីណូ​មណ្ឌល​កម្សាន្ត​អាហារដ្ឋាន​និង​ហាង​លក់ទំនិញ​ហើយក៏​មានការ​វិនិយោគ​ផ្នែក​រោងចក្រ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here