ស្រុក​ចំនួន៦​ ​ក្នុង​ខេត្តកណ្តាល​កំពុង​ទាក់ទាញ​ការ​វិនិយោគ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ស្រុក​ចំនួន៦​ ​ក្នុ​ខេត្តកណ្តាល​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ ​ខណៈ​មន្រ្តី​ជំនាញ​បាន​និង​កំពុង​ចាប់ផ្តើម​រៀបចំ​ប្លង់​គោល​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

​ស្រុក​ចំនួន៦​ ​នោះ​រួមមាន​ស្រុក​កៀនស្វាយ​ ​ស្រុក​ល្វាឯម​ ​ស្រុក​ពញ្ញា​ឮ​ ​និង​ស្រុក​អង្គ​ស្នូល​ ​និង​ស្រុក​មុខកំពូល​ ​ជា​បណ្តា​ស្រុក​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​។​ ​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​សម្រាប់​ដី​នៅ​តាម​បណ្តា​ស្រុក​ទាំងនោះ​កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ដែល​អាច​ផ្តល់​ឱកាស​យ៉ាង​ល្អ​ប្រសើរ​ទៅ​ដល់​បណ្តា​អ្នក​វិនិយោគ​នានា​ ​ទាំង​ការទិញ​-​លក់​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​។​ ​ដ្បិត​ដី​នៅ​តំបន់​នេះ​ ​មាន​វិសាលភាព​ធំ​ទូលាយ​ ​តម្លៃ​នៅ​មានកម្រិត​ ​ជាពិសេស​មាន​អំណោយផល​ពី​ធម្មជាតិ​ ​ដូចជា​ ​មាន​ដងទន្លេ​នៅអម​ជាមួយ​ដែល​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​គាប់ប្រសើរ​ ​មាន​ស្ពាន​ដែល​នឹង​តភ្ជាប់​ពី​តំបន់​ក្តី​តា​កុយ​ទៅ​អរិយក្សត្រ​ ​។​

​លោក​បន្ត​ថា​ ​តំបន់​នៃ​ស្រុក​ទាំងនោះ​ ​មាន​សក្តា​នុ​ពល​ដោយសារ​តំបន់​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ​ ​កំពង់ផែ​លំដាប់​អន្តរជាតិ​ ​និង​មាន​សក្តា​នុ​ពល​ផ្នែក​ភូមិ​សា​ស្រ្​ត​ខុស​ៗ​គ្នា​ជាច្រើន​ទៀត​”​។​

​ទាក់ទង​តម្លៃ​ដីធ្លី​វិញ​ ​លោក​សុ​ខ​នី​ម​បាន​ឲ្យដឹង​ថា​ ​ចំពោះ​តម្លៃ​ដី​វិញ​ ​បច្ចុប្បន្ន​នេះ​វា​អាស្រ័យ​ទៅតាម​ទី​តំបន់​ ​និង​ទំហំ​ធំ​ ​ឬ​តូច​។​ ​ចំពោះ​ដី​ដែល​មាន​ទំហំ​តូច​ ​និង​ស្ថិតនៅ​ទីប្រជុំជន​ ​ឬ​តំបន់​លំនៅ​ដ្ឋាន​ក្បែរផ្លូវ​ជាតិ១​ ​គឺ​អាច​មានតម្លៃ​ចាប់៣00ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដោយឡែក​ចំពោះ​ដី​ដែល​មាន​ទំហំ​ធំ​ចាប់ពី5ហិ​ក​តា​ឡើង​ទៅ​ ​អាច​មានតម្លៃ​ប្រមាណ​៧០​ទៅ​១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​។​ ​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​បណ្តា​​ស្រុក​នានា​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ​ជា​ស្វ័យប្រវត្តិ​នឹង​ទទួល​ឥទ្ឋិ​ពល​នៃ​ការ​វិនិយោគ​ ​និង​ការ​រីកចម្រើន​ពី​រាជធានី​ជា​រឿង​ធម្មតា​ ​ជាក់ស្តែង​បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​គឺ​ការ​អភិវឌ្ឍ​បាន​តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កំពង់ស្ពឺ​ ​ផ្លូវជាតិ​លេខ៥​ ​នឹង​រីកចម្រើន​ដល់​តំបន់​ស្ពាន​ព្រែក​ក្តាម​ ​ផ្លូវជាតិ​លេខ១​ ​នឹង​មានការ​អភិវឌ្ឍ​រោងចក្រ​ ​ឧស្សាហកម្ម​ ​និង​លំនៅ​ដ្ឋាន​ដល់​តំបន់​អ្នកលឿង​ ​ផ្លូវជាតិ​លេខ៣​ ​នឹង​រីកចម្រើន​ដល់​តំបន់​អង្គតាសោម​នា​ពេល​អនាគត​។​

​លោក​បន្ត​ថា​ ​“​ដរាបណា​ប្រទេស​កម្ពុជា​នៅតែ​មាន​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​កំនើន​សេដ្ឋកិច្ច​ល្អ​បែបនេះ​ ​រដ្ឋាភិបាល​នឹង​មាន​លទ្ឋ​ភាព​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​ហើយ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នឹង​បន្ត​កើនឡើង​”​។​

លោក​បន្ត​ថា​ ​“​នៅពេល​ណា​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើ​ឡើង​ ​គួបផ្សំ​នឹង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​នឹង​ធ្វើឲ្យ​វិស័យ​នេះ​មាន​តម្រូវការ​កើនឡើង​ជា​ស្វ័យប្រវត្តិ​”​។​

​លោក​បណ្ឌិ​ត​វ៉ាន់​ ​វ៉ា​ត​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ថា​ ​តាម​រយៈ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ​និង​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ ​បច្ចុប្បន្ន​មន្ទីរ​ជំនាញ​បាន​និង​កំពុង​រៀបចំ​ប្លង់​គោល​នៅ​តាម​បណ្តា​ស្រុក​ទាំងអស់​ក្នុង​ខេត្តកណ្តាល​ ​ដើម្បី​ឆ្លើយតប​នឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ​ក៏ដូចជា​ឆ្លើយតប​នឹង​បញ្ហា​ស្មុគ្រ​ស្មាញ​ផ្នែក​នគរូបនីយកម្ម​។​

​លោក​បន្ត​ថា​ ​“​ការរៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​លំអិត​ ​ជា​ការធានា​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ភាព​ ​ពិសេស​ជា​ការបែងចែក​តំបន់​ប្រើប្រាស់​ដីធ្លី​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ច្បាស់លាស់​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here