តើ​ផែនការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​កំពុង​ដើរទៅ​មុខ​យ៉ាងដូច​ម្តេច​?​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ស្រប​ពេល​កំនើ​នប្រ​ជា​សាស្រ្ត​ក្នុង​ទីក្រុង​ ​កំនើ​នយា​នយន្​ត​និង​មធ្យោបាយ​ដឹកជញ្ជូន​នានា​សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំផែនការ​ថ្មី​ ​សម្រាប់​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុងរយៈពេល​វែង​ខាងមុខ​ ​ដើម្បីឲ្យ​រាជធានី​នេះ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ឃួង​ ​ស្រេង​ ​កាលពី​ឆ្នាំមុន​បាន​ដាក់ចេញ​នូវ​ផែនការ​ថ្មី​មួយ​នៅ​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ឆ្លើយ​តបទៅនឹង​លំហូរ​ចរាចរណ៍​ ​ទេសចរណ៍​ ​សោភ័ណភាព​ ​និង​ការអភិវឌ្ឍន៍​រីក​ចំរើន​លើ​វិស័យ​នៅ​រាជធានី​ភ្នំពេញ​ ​ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាកម្ម​សាធារណៈ​ ​សំណង់​គ្រឹះស្ថាន​ ​អគារ​នានា​ក្នុង​រាជធានី​នេះ​។​ ​គំរោង​នេះ​ធ្វើឡើង​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​ ​និង​សាលាក្រុង​ប៉ារីស​លើ​វិស័យ​នគរូបនីយកម្ម​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បន្ត​ថា​ ​“​តំបន់​ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​គឺជា​ទំហំ​នៃ​ការ​អភិវឌ្ឍ​ធំ​មួយ​ ​ដូច្នេះហើយ​ទើប​សាលាក្រុង​ប៉ារីស​ ​ដែល​ជាទី​ក្រុង​មានបទពិសោធន៍​ ​នៃ​ការរៀបចំ​ទីក្រុង​ឲ្យ​មាន​ភាព​ស្រស់បំព្រង​ចង់​ឲ្យ​តំបន់​នោះ​ ​ក្លាយជា​តំបន់​បៃតង​ ​ដែល​មាន​បរិស្ថាន​ល្អ​”​។​

​អភិបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ឲ្យ​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​ ​ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាកម្ម​សាធារណៈ​ ​សំណង់​គ្រឹះស្ថាន​ ​អគារ​នានា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយតប​ ​នឹង​កំណើនប្រជាជន​ទីក្រុង​ ​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់៣,២៥ភាគរយ​ក្នុង១ឆ្នាំ​ៗ​។​ ​

​យោង​តាម​ទិន្នន័យ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ ​បាន​កើន​ឡើង​​រហូតដល់១,៧លាន​នាក់​ ​គឺ​ប្រមាណ​ជា៥៦ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទីក្រុង​ ​ដែល​ជា​អ្នក​ចំណាកស្រុក​ ​ចូល​មក​សិក្សា​និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​។​

​តំណាង​សាលាក្រុង​ប៉ារីស​នៃ​សាធារណរដ្ឋ​បារាំង​ ​លោកស្រី​ ​អេ​ឡូ​ឌី​ ​គុយ​អង់​កា​បាន​ថ្លែង​ថា​ ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ ​ដែល​ទីក្រុង​ភ្នំពេញ​បាន​និង​កំពុង​ជួបប្រទះ​ ​គឺ​មានការ​ងារ​អាទិភាព​ចំនួន​ពីរ​ត្រូវ​បាន​ដាក់ឲ្យ​សិក្សា​ ​ដូចជា​ទី១​ ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ​ ​ដែល​សព្វថ្ងៃ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ​និង​ទី២​ ​ការ​ពង្រឹង​ការ​រំដោះ​និង​ការគ្រប់គ្រង​ច្រាំង​មាត់ទន្លេ​សាប​ ​ព្រម​ជាមួយនឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​។​

​លោក​បណ្ឌិ​ត​វ៉ាន់​ ​វ៉ា​ត​អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម​ ​និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​កណ្តាល​បាន​ថ្លែង​ថា​ ​នៅក្នុង​ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្តកណ្តាល​ ​និង​រាជធានី​ភ្នំពេញ​ ​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​ ​ព្រោះ​ប្លង់​គោល​ផ្តោត​សំខាន់​លើ​បញ្ហា​ផ្លូវ​ ​និង​ផែនការ​ប្រើប្រាស់​ដី​ ​ប៉ុន្តែ​ផែនការ​លំអិត​មិនទាន់​បាន​ធ្វើ​នៅឡើយ​ទេ​ ​ហេតុនេះ​វា​ទាមទារ​ឲ្យ​មានការ​សិក្សា​លំអិត​បន្ថែម​ទៀត​ ​នៅ​តាម​បណ្តា​ស្រុក​ ​ឬ​ក្រុង​និ​មួយ​ៗ​ ​ទៅតាម​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​។​

​លោក​បន្ត​ថា​ ​“​អ្វី​សំខាន់​តើ​ដី​និ​មួយ​ៗ​មានការ​ចុះ​បញ្ជី​រ​ ​ប្រើប្រាស់​ដីធ្លី​បាន​ត្រឹមត្រូវ​ឬ​យ៉ាងណា​ ​និង​ចុះ​ជា​ប្រព័​ន្ឋ​យ៉ាងដូច​ម្តេច​ ​ដើម្បី​យើង​ដឹង​ប្រាកដ​ថា​តំបន់​នោះ​គួរ​ប្រើប្រាស់​ក្នុង​លក្ខខ័ណ្ឌ​អ្វី​ ​និង​គួរ​រៀបចំ​ទំហំ​ផ្លូវ​បែប​ណា​ ​ដើម្បី​មាន​ភាព​សមស្រប​នឹង​កំនើ​នប្រ​ជា​សាស្រ្ត​ ​និង​យានយន្ត​”​។​

​លោក​ម៉េ​ត​ ​មាស​ភក្តី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ថា​ ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​កំពុង​ដើរតាម​ផែនការមេ​ ​នៃ​ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​ឆ្នាំ២០១៥​ ​២០៣០​ ​ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​ ​ហេតុនេះ​គំរោង​វិនិយោគ​នានា​ទាំង​របស់​រដ្ឋាភិបាល​ ​និង​របស់​វិស័យ​ឯកជន​ត្រូវតែ​ដើរតាម​ផែនការមេ​ ​ដែល​បាន​ដាក់ចេញ​ ​ជាក់ស្តែង​នៅ​ភាគ​ខាងត្បូង​រាជធានី​ ​គឺ​បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​កំពុងធ្វើការ​សហការ​ជាមួយ​អ្នកជំនាញ​បារាំង​ ​ដើម្បី​សិក្សា​ពី​លំហូរ​ចរាចរណ៍​ ​ពី​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ​ដើម្បី​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​តំបន់​នេះ​ធ្វើឡើង​ប្រកបដោយ​ចីរភាព​ ​និង​ឆ្លើយ​ត​បកំនើ​នរី​ក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​នេះ​។​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ទទួល​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន២៥លាន​ដុល្លារ​ ​ដើម្បី​ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ ​ដើម្បី​ធ្វើឲ្យ​តំបន់​នេះ​មាន​ភាព​បៃតង​ ​និង​ជៀង​វាង​បាន​ពី​ការ​បំពុល​ដោយ​ទឹក​កខ្វក់​នា​ពេល​អនាគត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here