(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងឈ្វេងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាសវិនិយោគនៅកម្ពុជា សំដៅស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនេះលោកប្រធានប្រតិបត្តិក្រុមហ៊ុន Salmon Group បានជម្រាបជូនពីវឌ្ឍនភាព និងគំរូអាជីវកម្ម របស់ក្រុមហ៊ុនខ្លួន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍លើវិសាលភាពនៃការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល ដែលកំពុងតែមានភាពរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងពោរពេញដោយសក្តានុពល ក្នុងការចាប់យកនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពនៃកំណើនថ្មី។








