វិនិយោគិនចិនមកពីទីក្រុងប៉េកាំង និងខេត្តអានហួយស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានលើកឡើងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលនិងប្រជាជនចិន។

លោកបានជម្រាបជូនអំពីស្ថានភាពទូទៅ នៃការវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងបានធ្វើការអត្ថាធិប្បាយលម្អិត អំពីរបបលើកទឹកចិត្តវិនិយោគ។ ទន្ទឹមនេះលោក អគ្គលេខាធិការរងក៏បានគូសបញ្ជាក់ អំពីយន្តការកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន នៃបណ្តាប្រទេសមួយចំនួន ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំវិនិយោគ និងទាក់ទាញវិនិយោគ។

តំណាងគណៈប្រតិភូបានថ្លែងថា គោលបំណងរបស់គណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងយល់បន្ថែមពីបរិ​យាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគ ក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី។

ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគ ដែលគណៈប្រតិភូមានបំណងបណ្តាក់ទុននៅកម្ពុជា ព្រោះគម្រោងទាំងពីរនេះ ជាប្រភេទគម្រោងដែលទទួលបានការលើកទឹកចិត្ត ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោកបញ្ជាក់ថា “ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌ ពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជាសម្លៀកបំពាក់) ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកទឹកចិត្ត ឱ្យមានការផលិតវត្ថុធាតុដើមក្នុងស្រុក ឱ្យបានច្រើនជាអតិបរិមា ដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ជាពិសេស នៅពេលដែលកម្ពុជាចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ខាងមុខនេះ ដែលវិធានប្រភពដើមទំនិញ សម្រាប់ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប នឹងទាមទារឱ្យមានការបម្លែងពីរដំណាក់កាល (double transformation)៕

LEAVE A REPLY

Please enter your comment!
Please enter your name here