ដោយ ៖ រ៉ាណេត
មណ្ឌលគីរី ៖ បន្ទាប់រាជរដ្ឋាភិបាលប្រកាសគម្រោងសាងសង់ព្រលានយន្តហោះនៅក្នុងខេត្តមណ្ឌលគីរី ចរន្តនៃការទិញលក់ដីធ្លីនៅក្នុងខេត្តភាគឦសានមួយនេះកំពុងមានសកម្មភាពយ៉ាងខ្លាំង។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា បច្ចុប្បន្ននេះចំពោះការទិញ-លក់អចលនទ្រព្យ ជាពិសេសការវិនិយោគលើវិស័យដីធ្លីគឺមានសកម្មភាពជាងឆ្នាំមុន ហើយតម្លៃក៏មានការកើនឡើងផងដែរ ។ លោកស្រីបានបញ្ជាក់ថា ៖ «មណ្ឌលគីរីជាខេត្តមួយដ៏ល្អរបស់កម្ពុជាលើវិស័យទេសចរណ៍ធម្មជាតិខុសពីខេត្តដទៃទៀត និងមិនទាន់មានការអភិវឌ្ឍឱ្យផុសផុលនោះទេ។ ប៉ុន្តែក្រោយពេលដែលរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍក្នុងតំបន់ដោយមានការសាងសង់ព្រលានយន្តហោះ វាកាន់តែធ្វើឱ្យខេត្តមួយនេះមានភាពទាក់ទាញខ្លាំង ហើយក៏ជំរុញឱ្យវិស័យអចលនទ្រព្យចាប់ផ្តើមកម្រើកផងដែរ ជាក់ស្ដែងបច្ចុប្បន្ននេះ សកម្មភាពនៃការទិញលក់លើវិស័យដីធ្លីក៏កំពុងកើតមាននៅតាមតំបន់មួយចំនួន»។
លោកស្រីបានបន្តទៀតថា ៖ «ជាធម្មតានៅពេលដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន កំណើនសេដ្ឋកិច្ចក្នុងតំបន់ក៏កាន់តែល្អប្រសើរ ដែលធ្វើឱ្យប្រជាជនលទ្ធភាពធូរធារ។ ដោយឡែកជាមួយនឹងវត្តមាននៃព្រលានយន្តហោះ វានឹងធ្វើឱ្យខេត្តមួយនេះមានការអភិវឌ្ឍន៍លឿន ដែលអាចគៀងគរនូវចំនួនភ្ញៀវទេសចរ ក៏ដូចជាចំនួនអ្នកវិនិយោគទៅកាន់ខេត្តនេះកាន់តែច្រើន។ ដោយឡែកចំពោះដីដែលមានវិសាលភាពសម្រាប់អភិវឌ្ឍជាតំបន់កម្សាន្តកែច្នៃបែបធម្មជាតិបានកើនឡើងស្ទើរតែគុណនឹង២ដង បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានបង្ហាញពីការសាទរចំពោះគម្រោងនៃការអភិវឌ្ឍន៍សាងសង់ព្រលានយន្តហោះខាងលើនេះ ដោយលោកបានមានប្រសាសន៍ថា ៖ «ជារឿងដែលល្អបំផុតសម្រាប់ខេត្តមណ្ឌលគីរី ហើយវត្តមាននៃព្រលានយន្តហោះនេះនឹងជួយជំរុញកំណើនសេដ្ឋក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិមានការរីកចម្រើនតាមរយៈការទទួលបានកំណើនភ្ញៀវទេសចរ ក៏ដូចជាវិនិយោគលើវិស័យពាក់ព័ន្ធនានាផងដែរ»។
លោកបានបន្តទៀតថា ៖ « នៅពេលមានព្រលានយន្តហោះ គឺធ្វើឱ្យមានលំហូរចូលនៃកំណើនប្រជាជន ក៏ដូចជាមានការកើនឡើងនូវចំនួនភ្ញៀវទេសចរ ដែលចាំបាច់តម្រូវឱ្យការផ្គត់ផ្គង់ដូចជាវិស័យលំនៅដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋានជាដើម ។ ប៉ុន្តែការកើនឡើង និងការអភិវឌ្ឍនេះ គឺមានត្រឹមតំបន់ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍប៉ុណ្ណោះ ដូច្នេះចំពោះអ្នកដែលវិនិយោគ ក៏ដូចជាអ្នកដែលមានបំណងធ្វើជំនួញដីធ្លីក៏គួរពិចារណា និងសិក្សាឱ្យបានច្បាស់លាស់មុនពេលសម្រចចិត្តទិញតំបន់ណាមួយជៀសវាងមានហានិភ័យ»។

លោក គង់ វិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទកាលពីពេលកន្លងទៅនេះថា ៖ «បច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តគឺមានការអភិវឌ្ឍន៍ច្រើន ជាពិសេសផ្នែកសំណង់សម្រាប់ផ្គត់ផ្គង់លើផ្នែកស្នាក់នៅ ដូចជា សំណង់លំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ក៏ដូចជាការបង្កើតជារមណីយដ្ឋានកម្សន្តបែបធម្មជាតិកែច្នៃផងដែរ»។
លោកបានបញ្ជាក់ទៀតថា ៖ «នៅក្នុងខេត្តមណ្ឌលគីរី គឺមានប្រជាជនរស់នៅជាង ៨ម៉ឺននាក់ មានសណ្ឋាគារធំៗសម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន៨ ផ្ទះសំណាក់មានចំនួន៤៥ សរុបស្មើនឹងប្រមាណ១១៥១បន្ទាប់»៕






