ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា សណ្ឋាគារចំនួន៩៣ ដែលមានបន្ទប់ជិត ៧០០០នឹងបើកដំណើរការនៅក្នុងក្រុងព្រះសីហនុនៅឆ្នាំ២០១៩នេះ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះថា ចំនួនសណ្ឋាគារទាំង៩៣នេះ មានគ្រប់លំដាប់ដោយរាប់ចាប់ពីសណ្ឋាគារផ្កាយ១ឡើងទៅដល់ផ្កាយ៥។ លោកបន្តថា ការផ្គត់ផ្គង់សណ្ឋាគារយ៉ាងច្រើននេះ នឹងធ្វើឲ្យលែងមានការខ្វះខាតបន្ទប់ សម្រាប់ភ្ញៀវទេសចរណ៍ដែលមកស្នាក់នៅក្នុងខេត្តទៀតហើយ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ លោក នងឌី ណារ៉ា បានបង្ហើបប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះសេវាផ្គត់ផ្គង់លើការស្នាក់នៅក្នុងក្រុងព្រះសីហនុ គឺមានភាពល្អប្រសើរជាងមុនច្រើន ហើយក៏មិនខ្វះដូចការនិយាយតគ្នាពីមាត់មួយទៅមាត់មួយ ដោយគ្មានប្រភពច្បាស់លាស់នោះដែរ។

លោកបន្តថា បើតាមគម្រោងស្នើសុំអភិវឌ្ឍន៍សណ្ឋាគារ និងផ្ទះសំណាក់នៅ មានរហូតដល់ទៅប្រមាណ៣០០គម្រោង ខណៈដែលសព្វថ្ងៃនេះទើបតែសម្រេចបានប្រមាណ៤០ភាគរយតែប៉ុណ្ណោះ។ដោយឡែកនៅពេលខាងមុខដ៏ខ្លីខាងមុខនេះ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកកម្សាន្តនៅក្រុងព្រះសីហនុ នឹងមានជម្រើសកាន់តែច្រើន ក្នុងការជ្រើសរើសទីតាំងស្នាក់នៅតាមកម្រិតជាមួយនឹងតម្លៃសមរម្យ៕






