ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានអញ្ជើញតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម។
គំរោងវិនិយោគនេះ ជារបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ក្រោមអធិបតីភាព លោកហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័ន និងនាយកដ្ឋានពាក់ព័ន្ធ នៅទីស្តីការក្រសួងបរិស្ថាន។
-->
គម្រោងបង្កើតរោងចក្រកែច្នៃ អាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក នេះ មានទុនវិនិយោគប្រមាណ៦០ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រោងចក្រនេះ នឹងធ្វើការកែច្នៃដុំអាលុយមីញ៉ូម ពាក់កណ្តាលសម្រេច (Aluminum Ingot) ដើម្បីកែច្នៃជាបន្ទះអាលុយមីញ៉ូម និងគ្រឿងបង្គុំអាលុយមីញ៉ូម សម្រាប់នាំចេញទៅទីផ្សារ អាស៊ាន និងសហរដ្ឋអាមេរិក។
ការអនុវត្តគម្រោងនេះត្រូវបានរំពឹងថា នឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ និងដំណាក់កាលអនុវត្តដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន ស្របពេលជាមួយនឹងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្ត៕

ក្នុងឱកាសនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំឱ្យម្ចាស់គម្រោង៖
-ធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា,
-បានការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យដែឡអាចកើតមាន,
– រឹតបន្តឹងលើបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព និងសុខភាពបុគ្គលិក និងកម្មករក្នុង និងជុំវិញរោងចក្រ,
– ប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព
– ពិនិត្យលទ្ធភាពពង្រីកគម្រោងឱ្យកាន់តែធំជាងនេះ។
ដោយឡែកក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយអង្គប្រជុំដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានសង្គតិភាព។
ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងក្រសួង ស្ថាប័ន និងនាយកដ្ឋានទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ និងមានផលប៉ះពាល់តិចតួចបំផុត៕
