ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដឹកនាំដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានបើកកិច្ចប្រជុំពិភាក្សាការងារគម្រោងស្តីពី ផែនការបូមស្តារផ្លូវនាវាចរណ៍ពីភ្នំពេញ-ក្រចេះ និងភ្នំពេញ-កំពង់ឆ្នាំង។
កិច្ចប្រជុំកាលពីថ្ងៃទី២១ សីហាមានការចូលរួមពីលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងឯកភាពលើយន្តការរួមក្នុងការអនុវត្តគម្រោងកែលម្អ ផ្លូវនាវាចរណ៍ពីភ្នំពេញ -កំពង់ចាម និងភ្នំពេញ -កំពង់ឆ្នាំង ដែលជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាគម្រោងដែលស្ថិត នៅក្នុងលក្ខខណ្ឌបង្អង់នៃកិច្ចសន្យាភាពជាដៃគូររវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ។
ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដឹកនាំសម្របសម្រួល ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីអនុវត្តគម្រោងខាងលើឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព ឱ្យសម្របតាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមមានគម្រោងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង៕