ដោយ វុត្ថា
ខេត្តព្រះសីហេនុ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្ន បានសំដែងការព្រួយបារម្ភចំពោះការសាងសង់អគារខ្ពស់កប់ពពកនៅក្នុងខេត្តព្រះសីហនុ គ្មានកន្លែងចតរថយន្ត ខណៈខេត្តមួយនេះបាន និងកំពុងរីកចម្រើនខ្លាំងលើវិស័យសំណង់ និងសណ្ឋាគារ។
នៅក្នុងពិធីចុះត្រួតពិនិត្យស្ថានីយ៍ ច្រោះសំអាតទឹកកាកសំណល់ក្រុងព្រះសីហនុនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះ លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្ន បានស្នើដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអជ្ញាធរខេត្តព្រះសីហនុ ត្រូវត្រួតពិនិត្យចំពោះប្លង់ឲ្យបានត្រឹមត្រូវ និងស្តងដារខ្ពស់មុនពេលអនុញ្ញាតឲ្យសាងសង់អគារផ្សេងៗ។
លោកបន្តថា “ការសាងសង់គ្មានស្តងដារ និងបច្ចេកទេសគ្រប់គ្រាន់ នឹងធ្វើឲ្យមានកកស្ទះចំណតរថយន្ត ខណៈផ្លូវមានទំហំតូចចង្អៀត ហើយខេត្តព្រះសីហនុបាននឹងកំពុងមានរីកចម្រើនយ៉ាងខ្លាំង”។
-->
លោកយន្ត មីនអភិបាលខេត្តព្រះសីហនុ បានថ្លែងកាលពីពេលថ្មីៗនេះថា យ៉ាងយូរពីរឆ្នាំទៀតខេត្តព្រះសីហនុ ពោរពេញដោយសំណង់ទំនើបៗច្រើនជាងខេត្តដ៏ទៃ។
លោកបន្តថា “យើងកំពុងញាប់ដៃជើង ដោះស្រាយ និងកែរលំអរស្ថាបនាគ្រប់បញ្ហាដែលពាក់ព័ន្ធ។ ដូច្នេះអាជ្ញាធរយើងត្រូវសហការគ្នា និងមានការចូលរួមជាចាំបាច់ ពីវិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីអោយពេលក្រោយ កូនចៅ បងប្អូនប្រជាពលរដ្ឋយើង ខេត្តយើងមានជីវភាពប្រសើរឡើង ពីការអភិវឌ្ឍយ៉ាងគំហុក ប្រកបដោយនិរន្តភាពនេះ”។
ខេត្តព្រះសីហនុជាតំបន់ឆ្នេរសមុទ្រ ដែលមានកំពង់ផែទឹកជ្រៅនារយៈពេល២-៣ឆ្នាំចុងក្រោយនេះ មានការវិនិយោគយ៉ាងគំហុក ពីសំណាក់វិនិយោគិនចិន និងមានសំណង់រីកដុះដាលពេញពេញទីក្រុង ហើយបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ខ្លាំងជាងគេ នៅក្នុងចំណោមខេត្តនានានៅក្នុងទូទាំងប្រទេសកម្ពុជា។

ក្រុងព្រះសីហនុ កំពុងមានសកម្មភាពសាងសង់សំណង់តូច ធំយ៉ាងច្រើន ដែលតួលេខគម្រោងសំណង់ធំលើសពី៣០០០ម៉ែត្រការ៉េឡើង មានចំនួន៧០គម្រោង ក្នុងចំនួនជាង៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់៤០ជាន់មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ផងដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ខេត្ត។
កាលពីឆ្នាំ២០០៥-២០១៥ខេត្តនេះ មានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់រហូតដល់៣៥ជាន់ មានតែ ៤៦គម្រោងប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៨ មានគម្រោងអគារធំ និងកម្ពស់ចាប់ពី៥ជាន់ ដល់៤០ជាន់រហូតដល់ ១៥០គម្រោង៕