ក្រុមមន្ត្រីជាន់ខ្ពស់ពិភាក្សាលើសំណើរគម្រោងវិនិយោគចំនួន១៣ដែលមានទុនសរុបជិត១០០លានដុល្លារ

0

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងនាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥.៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្ម ចំនួន១១គម្រោង (ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្ត និងគ្រឿងបន្ទាប់បន្សំ, ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, ផលិតអេប៉ុង, ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ) និងវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោង គឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។

គម្រោងវិនិយោគទាំង១៣ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here