ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងផែនការធ្វើឲ្យបានច្រើនជាងមុន រីកចម្រើនជាងមុន រដ្ឋាភិបាល អាណត្តិទី៦នេះ នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីជួយជំរុញកំនើនសេដ្ឋកិច្ចរបស់ប្រទេស។
ស្ពានជាច្រើនបាននិងកំពុងសាងសង់ និងលេចចេញរូបរាងបណ្តើរៗហើយ ដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម ទៅកាន់ស្រុកក្រូឆ្មារ ខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពានចេញពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ។ គំរោងសាងសង់ស្ពានពីក្តីតាកុយ តាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅតំបន់អរិយក្សត្រ ស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាសស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន ផ្លូវ២៧១ និងផ្លូវមុនីវង្ស ស្ពានអាកាស និងផ្លូវក្រោមដីនាតំបន់រង្វង់មូលចោមចៅ។
ជាមួយគ្នានេះផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ បាននិងកំពុងដំណើរការសាងសង់ ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានស្ពានអាកាសចំនួន៦ ដូចជា ស្ពានអាកាសរំលងផ្លូវជាតិលេខ៤ លេខ៣ លេខ២១ លេខ២ លេខ១១០ និងស្ពានវែងមួយឆ្លងកាត់ទន្លេបាសាក់ ដោយឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
រដ្ឋាភិបាលចិន បានផ្តល់ឥណទានសម្បទានចំនួន២៥៩លានដុល្លាររួចហើយ ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣រួចហើយផងដែរ ដែលផ្លូវក្រវ៉ាត់ក្រុងនេះបាននិងកំពុងសាងសង់យ៉ាងសកម្ម។
ជាមួយគ្នានេះ តាមរយៈលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏បានប្រកាសពីគំរោងសាងសង់រថភ្លើងលើអាកាស (Sky Train) នៅរាជធានីភ្នំពេញជាលើកដំបូងផងដែរ។ រដ្ឋមន្រ្តីរូបនេះក៏បានបង្ហាញពីគំរោងសាងសង់ផ្លូវជាតិថ្មីមួយចេញពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រផងដែរ។
លើសពីនេះ គំរោងសាងសង់ព្រលានយន្តហោះថ្មីចំនួន៣ គឺព្រលានយន្តហោះភ្នំពេញអន្តរជាតិថ្មីដូចជាព្រលាននៅស្រុកកណ្តាលស្ទឹង និងស្រុកបាទីខេត្តតាកែវ ព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប ព្រលានយន្តហោះអន្តរជាតិ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក៏នឹងលេចចេញរូបរាងក្នុងរយៈពេល៥ឆ្នាំខាងមុខនេះផងដែរ៕





