អាគារខុនដូកំពុងសាងសង់នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ
ដោយ រ៉ាណេត
ភ្នំពេញ៖ បណ្តាអ្នកជំនាញបង្ហាញពីក្ដីសាទរ និងមានមោទនភាពចំពោះភាពរីកចម្រើន ដែលមានសន្ទុះយ៉ាងលឿនទៅលើការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើវិស័យអចលនទ្រព្យនៅតំបន់ជ្រោយចង្វារ ដែលរឹតតែជម្រុញឱ្យខណ្ឌមួយនេះកាន់តែមានសក្ដានុពល និងភាពលេចធ្លោ។
អ្នកជំនាញស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia កញ្ញា គឹម គិនកេសា បានអះអាងឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ខណ្ឌជ្រោយចង្វារកំពុងតែបង្ហាញពីសក្ដានុពលរបស់ខ្លួនយ៉ាងខ្លាំងជាមួយសកម្មភាពសាងសង់ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ជាពិសេស គម្រោងសាងសងទីក្រុងរណបធំៗចំនួន២ ដែលមានតម្លៃរាប់ពាន់ដុល្លារ។
ក្រៅពីគំរោងទីក្រុងរណប តំបន់ជ្រោយចង្វារក៏មានគម្រោងបុរីលំនៅដ្ឋានចំនួន៨បានបញ្ចប់ការសាងសង់ ហើយចំនួន៨គម្រោងទៀត បាននិងកំពុងសម្រុងសាងសង់បញ្ចប់នៅត្រឹមឆ្នាំ២០២១ខាងមុខនេះ ដូច្នេះមិនយូរទៀតនោះ ខណ្ឌជ្រោយចង្វារក៏នឹងក្លាយជាទីផ្សារលំនៅដ្ឋានដ៏ពេញនិយមនៅក្នុងរាជធានីភ្នំពេញ មិនចាញ់ខណ្ឌសែនសុខ ដូចពេលបច្ចុប្បន្ននេះនោះទេ។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះថា បច្ចុប្បន្នបន្ទាប់ពីក្រុងភ្នំពេញ ដែលជាទីក្រុងចាស់ ខណ្ឌជ្រោយចង្វារនេះហើយដែលជាតំបន់ ដែលមានសក្ដានុពល និងកំពុងទាក់ទាញការវិនិយោគច្រើន។
ជាក់ស្ដែងពេលនេះគឺមានគម្រោងសាងសង់ទីក្រុងរណបចំនួនរួចទៅហើយ គម្រោងទីក្រុងរណបរបស់ក្រុមហ៊ុន OCIC និងទីក្រុងរណបរបស់ទីក្រុងលី យ៉ុងផាត់ រួមជាមួយនឹងភាពល្អប្រសើរដែលផ្លូវក្រវ៉ាត់ក្រុងក៏ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារផងដែរ។
លោកឧកញ៉ាបន្តថា ផ្អែកតាមភាពជាក់ស្ដែងសន្ទុះនៃការអភិវឌ្ឈនាពេលនេះ ជ្រោយចង្វារមិនពិបាកក្នុងការបោះជំហ៊ាន ក្នុងនាមជាទីក្រុងទី២នោះទេ ព្រោះនៅក្នុងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC និងក្រុមហ៊ុនលី យ៉ុងផាត់ ក៏មានសាងសង់អាគារពាណិជ្ជកម្ម និងផ្សារទំនើបមួយចំនួនផងដែរ។
អាគារខុនដូកំពុងសាងសង់នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ
លោកបន្តថា “ខ្ញុំគិតថាមិនលើសពីមួយឆ្នាំទៀតនោះទេ យើងនឹងឃើញមានការផ្គត់ផ្គង់ជាច្រើនទៀត លេចចេញនូវរូបរាងនៅក្នុងខណ្ឌមួយនេះពាក់ព័ន្ធទៅនឹងវិស័យលំនៅដ្ឋាន ជាពិសេស គម្រោងបុរីប៉េងហួត គម្រោងមេគង្គផាក និងគម្រោងជាច្រើនផ្សេងទៀត”។ លោកបន្ថែមថា “បើតាមការធ្វើការព្យាករណ៍របស់ខ្ញុំ គឺនៅត្រឹមរយៈពេលប្រមាណ១២ខែទៀត នឹងមានគម្រោងមិនតិចជាង២០ទៀតនោះឡើយ”៕