(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ទីតាំងដីជិត ២០០០ហិកតា នៅស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរីថ្មី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើយោងតាមលិខិត (ស.ជ.ណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។
ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រដ្ឋាភិបាលបានឯកភាពជាគោលការណ៍នូវការកំណត់ទីតាំងដីទំហំ ១ ៩០៥ ហិកតា នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ជាទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីខេត្តរតនគិរី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រ ដោយតម្រូវឱ្យធ្វើការសិក្សាបន្ថែម ទៅលើផលប៉ះពាល់សង្គម-បរិស្ថាន សម្រាប់ទីតាំងគម្រោង។
ផ្អែកលើលទ្ធផលនៃការសិក្សាផលប៉ះពាល់បរិស្ថានខាងលើ ក្រុមការងារអន្តរក្រសួងត្រូវរាយការណ៍ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើសុំការសម្រេច លើនិតិវិធីបន្តសម្រាប់ការរៀបចំអភិវឌ្ឍគម្រោងនេះ។
ជាមួយគ្នានេះ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងសម្រាប់រៀបចំអភិវឌ្ឍគម្រោងអាកាសយានដ្ឋានរតនគិរីថ្មី (អ.គ.គ) តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន បានបើកកិច្ចប្រជុំពិភាក្សា លើកទី១ ដឹកនាំដោយលោក តិក សាលី រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធាននៃ អ.គ.គ. និងមានការចូលរួមពី លោក ឈឹម សុចរស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និង ឯកជន (អ.រ.ជ.) និង ជាអនុប្រធាននៃអង្គភាពគ្រប់គ្រងគម្រោង (អ.គ.គ.) ព្រមទាំងវត្តមានរបស់ សមាជិក និង សមាជិកានៃ អ.គ.គ. និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ៕