ថ្នាក់ដឹកនាំខេត្តហឺណានសន្យាបន្តពង្រីកកិច្ចសហប្រតិបត្តិការនិងពង្រីកការវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធី បានដឹកនាំសហការីទទួលជួបពិភាក្សាការងារ ជាមួយលោក Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិការវិនិយោគរវាងកម្ពុជា និងខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន។

មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះគណៈប្រតិភូ ដែលបានធ្វើដំណើរមកកាន់កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែជាក់ច្បាស់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

លោកអគ្គលេខាធិការបានរំលឹកឡើងវិញ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីគ្រប់រដូវកាល ប្រកបដោយភាពស៊ីជម្រៅ និងជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍រូបវ័ន្ត ដល់ប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកជា វុទ្ឋីក៏បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន និយាយជារួម និយាយដោយឡែកថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តហឺណាន ដែលតែងតែខិតខំជំរុញវិនិយោគិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលកិច្ចគាំទ្រនេះបានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការវិនិយោគមកពីប្រទេសចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។

បន្ថែមលើនេះ លោកអគ្គលេខាធិការបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំខេត្តហឺណាន នឹងបន្តជំរុញវិនិយោគិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បី (១) ផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់សហគ្រាសដែលបម្រើ​​ដល់ការនាំចេញ ក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ី និង(២) អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេសផ្នែកកសិ-ឧស្សាហកម្មសម្រាប់ប្រមូលផ្តុំសហគ្រាសកែច្នៃ បង្កើនតម្លៃបន្ថែម និងជំរុញស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម។

ជាការឆ្លើយតបលោក Zheng Haiyang អភិបាលរងបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរ ចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាន និងកំពុងមានវត្តមានជាបន្តបន្ទាប់ នៅលើទីផ្សារខេត្តហឺណាន។

ស្របគ្នានេះ លោកបានគូសរំលេចអំពីឧត្តមភាព ប្រៀបធៀបរបស់ខេត្តហឺណាន ដែលជាខេត្តមានភាពល្បីល្បាញ ខាងផ្នែកវប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។ ជាកិច្ចបញ្ចប់ លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ខេត្តហឺណាននឹងបន្តចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត គាំទ្រកម្ពុជាដើម្បីជួយកម្ពុជា សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ខេត្តហឺណាន គឺជាខេត្តដ៏មានសក្តានុពលមួយ របស់សាធារណរដ្ឋប្រជាមានិតចិន ដែលលាតសន្ធឹងតាមបណ្តោយទន្លេលឿង និងមានផ្ទៃដីសរុបចំនួន១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបប្រមាណ៩៨លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here